មូស្គូ ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov កាលពីថ្ងៃព្រហស្បតិ៍បានគំរាមធ្ងន់ៗថា រាល់សកម្មភាពវាយប្រហារប្រឆាំងនឹងបូរណភាពទឹកដីរបស់ប្រទេសរុស្ស៊ី នោះទីក្រុងមូស្គូនឹងត្រូវបង្ខំចិត្តប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីជាការសងសឹកទៅវិញ ។
ការគំរាមនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអ៊ុយក្រែនបានបំបាក់មុខមាត់រុស្ស៊ីនៅលើឆាកអន្តរជាតិ តាមរយៈការប្រើប្រាស់យន្តហោះដ្រូនទ្រង់ទ្រាយធំ ទម្លុះប្រព័ន្ធខែលការពារដែនអាកាសវាយលុកលើទីក្រុង St. Petersburg របស់រុស្ស៊ីកាលពីថ្ងៃ ពុធ ។
ការវាយប្រហារនោះ កើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បើកវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំដ៏ធំ SPIEF ដែលមានការចូលរួមពីមនុស្សរាប់ម៉ឺននាក់មកពី ១៣០ ប្រទេសទូទាំងពិភពលោក ។
ថ្លែងក្នុងទឹកមុខពោលពេញដោយកំហឹង លោក Sergey Ryabkov និយាយថា ការបញ្ចេញអាវុធនុយក្លេអ៊ែរ នឹងកើតឡើងភ្លាមៗ ក្នុងសេណារីយ៉ូដ៏ធ្ងន់ធ្ងរបំផុតណាមួយ ។
លោក Ryabkov សង្កត់ធ្ងន់ថា ការបង្ខំចិត្តប្រើអាវុធប្រល័យលោកនេះ ត្រូវបានចែងយ៉ាងលម្អិតរួចរាល់ហើយ នៅក្នុងគោលលទ្ធិយោធា និងគោលនយោបាយរារាំងនុយក្លេអ៊ែររបស់រុស្ស៊ី ។
លោកថា គោលលទ្ធិយោធានេះ គឺជាការផ្ញើសញ្ញាមួយថា ការបំពានលើបូរណភាពទឹកដីរបស់រុស្ស៊ី ពីសំណាក់ប្រទេសដទៃ មិនថា គ្មាន ឬមានអាវុធនុយក្លេអ៊ែរនោះទេ វានឹងជំរុញឱ្យទីក្រុងមូស្គូបង្ខំចិត្តប្រើប្រាស់អាវុធប្រល័យលោក ។
ដើមឡើយ គោលលទ្ធិយោធារុស្ស៊ីចែងថា អាចប្រើអាវុធនុយក្លេអ៊ែរ លុះត្រាតែមានការវាយប្រហារដែលគំរាមកំហែងដល់អស្ថិរភាពនៃរដ្ឋ ។ ប៉ុន្តែបច្ចុប្បន្ន វាត្រូវបានប្តូរ មកត្រឹមការគំរាមកំហែងកម្រិតធ្ងន់ធ្ងរដល់អធិបតេយ្យភាព ឬបូរណភាពទឹកដីវិញ ។
យ៉ាងណា ការព្រមានរឿយៗរបស់រុស្ស៊ី ជុំវិញជម្រើសប្រើអាវុធនុយក្លេអ៊ែរ ត្រូវបានអ្នកវិភាគអន្តរជាតិយល់ឃើញថា ជាយុទ្ធសាស្ត្រកំញើញ និងបង្កការភ័យខ្លាចដល់ប្រទេសលោកខាងលិច ដើម្បីកុំឱ្យបង្កើនការផ្តល់អាវុធទំនើបៗរយៈចម្ងាយឆ្ងាយទៅឱ្យអ៊ុយក្រែនប៉ុណ្ណោះ ៕
ប្រភព ៖ TASS ប្រែសម្រួល ៖ ឈឹម ទីណា



























