វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានអនុម័តជាផ្លូវការលើការលក់ឧទ្ធម្ភាគចក្រល្បាតដែនសមុទ្រ ប្រភេទ MH-60R Seahawk ចំនួន ៥ គ្រឿង ក្នុងតម្លៃប្រមាណ ១,៥ ពាន់លានដុល្លារ ទៅឱ្យប្រទេសនូវែលសេឡង់ ។

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានអនុម័តជាផ្លូវការលើការលក់ឧទ្ធម្ភាគចក្រល្បាតដែនសមុទ្រ ប្រភេទ MH-60R Seahawk ចំនួន ៥ គ្រឿង ក្នុងតម្លៃប្រមាណ ១,៥ ពាន់លានដុល្លារ ទៅឱ្យប្រទេសនូវែលសេឡង់ ។
បើតាម Straits Times, មូលហេតុដែលនូវែលសេឡង់ទិញឧទ្ធម្ភាគចក្រទាំងនេះពីសហរដ្ឋអាមេរិក គឺមានគោលបំណងយកពួកវាមកជំនួសហ្វូងឧទ្ធម្ភាគចក្រចាស់ៗប្រភេទ Seasprite ។
ឧទ្ធម្ភាគចក្រ MH-60R Seahawk ត្រូវបានគេរំពឹងថា នឹងក្លាយជាឆ្អឹងខ្នងជួយពង្រឹងសមត្ថភាពការពារដែនកោះ និងការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ព្រមទាំងប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនានាលើផ្ទៃទឹក និងក្រោមទឹក ជាពិសេសការប្រមាញ់នាវាមុជទឹក។
បើតាម New Zealand Herald, ក្រៅពីលក់ឧទ្ធម្ភាគចក្រតម្លៃ ១,៥ ពាន់លានដុល្លារនេះ អាមេរិកក៏បានអនុម័តការលក់គ្រាប់បែកក្រោមទឹក Torpedoes ប្រភេទ MK 54 ចំនួន ២០ គ្រាប់ថែមទៀត ក្នុងតម្លៃប្រមាណ ៦៩ លានដុល្លារទៅឱ្យនូវែលសេឡង់ផងដែរ ។
ការបញ្ជាទិញឧទ្ធម្ភាគចក្រ Seahawk ដែលផលិតដោយក្រុមហ៊ុន Sikorsky ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនការពារជាតិយក្ស Lockheed Martin គឺជាផ្នែកមួយនៃផែនការឆ្នាំ ២០២៥ របស់រដ្ឋាភិបាលនូវែលសេឡង់ ។
ប្រទេសដីកោះស្ថិតនៅតំបន់អូសេអានីមួយនេះ បានដាក់មហិច្ឆតាបង្កើនកញ្ចប់ថវិកាការពារជាតិឱ្យបានជិតទ្វេដង ដែលស្មើនឹង ២% នៃផលិតផលក្នុងស្រុក (GDP) ក្នុងរយៈពេល ៨ ឆ្នាំខាងមុខ ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ដែលកំពុងឡើងកំដៅខ្លាំងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ៕
ប្រភព ៖ Straits Times និង New Zealand Herald ប្រែសម្រួល ៖ ឈឹម ទីណា
