ព្យុងយ៉ាង ៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងថ្ងៃ
សៅរ៍ នេះ បានដឹកដៃកូនស្រី គឺកញ្ញា គីម ជូអេ ចុះត្រួតពិនិត្យ នាវាចម្បាំងថ្មីឈ្មោះថា Kang Kon ដែលមានទម្ងន់ប្រមាណ ៥,០០០ តោន ។

ព្យុងយ៉ាង ៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងថ្ងៃ
សៅរ៍ នេះ បានដឹកដៃកូនស្រី គឺកញ្ញា គីម ជូអេ ចុះត្រួតពិនិត្យ នាវាចម្បាំងថ្មីឈ្មោះថា Kang Kon ដែលមានទម្ងន់ប្រមាណ ៥,០០០ តោន ។
នាវាចម្បាំងដ៏ទំនើបនេះ ត្រូវបានរចនាឡើងដើម្បីបំពាក់ប្រព័ន្ធអាវុធចម្រុះ រួមមានអាវុធប្រឆាំងយន្តហោះ អាវុធប្រឆាំងនាវាចម្បាំង មីស៊ីលបាលិស្ទីគ និងមីស៊ីលនាំផ្លូវយុទ្ធសាស្ត្រ ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ។

នៅពេលចុះត្រួតពិនិត្យនោះ លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា ការកសាងកងទ័ពជើងទឹកឱ្យមានសមត្ថភាពខ្លាំងក្លា គឺជាកិច្ចការស្នូលដ៏សំខាន់បំផុត ក្នុងផែនការការពារជាតិ ៥ ឆ្នាំ ដើម្បីបង្កើនកម្លាំងទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ ទាំងនៅលើផ្ទៃទឹក និងក្រោមផ្ទៃទឹក ។
បន្ថែមលើនេះ លោក គីម ក៏បានបញ្ជាឱ្យកងទ័ពជើងទឹកពន្លឿនការដាក់បញ្ចូលនាវាចម្បាំង Kang Kon និងនាវាពិឃាតមួយគ្រឿងទៀតឈ្មោះ Choe Hyon ទៅក្នុងកងនាវាចម្បាំងផងដែរ ដើម្បីត្រៀមខ្លួនប្រយុទ្ធឱ្យបានឆាប់រហ័សបំផុត ។

ទន្ទឹមគ្នា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងក៏បានទម្លាយឱ្យដឹងជាលើកដំបូងផងដែរ អំពីផែនការយុទ្ធសាស្ត្រថ្មី ក្នុងការសាងសង់នាវាពិឃាតខ្នាតយក្សមានទម្ងន់រហូតដល់ ១០,០០០ តោនថែមទៀតនាពេលអនាគត ។

បើតាម Straits Times, ការបង្ហាញសមត្ថភាពយោធាជើងទឹកដ៏ទំនើប និងការប្រកាសបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររបស់លោក គីម ជុងអ៊ុន នាពេលនេះ ធ្វើឡើងនៅចំពេលដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង មានគម្រោងហោះមកបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ចាប់ពីថ្ងៃទី៨ ដល់ ៩ ខែមិថុនា ពោលគឺសប្តាហ៍ក្រោយនេះ ៕
ប្រភព ៖ Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

