មូស្គូ ៖ រុស្ស៊ី បានបង្អួតឧបករណ៍ជិះកំសាន្តថ្មីមួយ ដែលមានឈ្មោះ និងរូបរាងដូចមីស៊ីលបាលិស្ទីគ Oreshnik ដែលជាមីស៊ីលមានល្បឿនលឿនជាងសំលេងដល់ទៅ ១០ ដង និងអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ។

មូស្គូ ៖ រុស្ស៊ី បានបង្អួតឧបករណ៍ជិះកំសាន្តថ្មីមួយ ដែលមានឈ្មោះ និងរូបរាងដូចមីស៊ីលបាលិស្ទីគ Oreshnik ដែលជាមីស៊ីលមានល្បឿនលឿនជាងសំលេងដល់ទៅ ១០ ដង និងអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ។
ឧបករណ៍ជិះកំសាន្តថ្មីនេះ ត្រូវបានដាក់ដំណើរការឱ្យប្រជាជនរុស្ស៊ីជិះលេងនៅក្នុងសួនកម្សាន្តកុមារ Divo Ostrov ស្ថិតនៅក្នុងទីក្រុង St. Petersburg ។
មីស៊ីល Oreshnik ជាប្រភេទមីស៊ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយ មានល្បឿនលឿនជាងសំលេងពី ១០ ទៅ ១១ដង មានន័យថា វាអាចវាយប្រហារលើគោលដៅស្ថិតនៅចម្ងាយចន្លោះពី ១២,៣០០ ទៅ ១៣,៦០០គីឡូម៉ែត្រ ។
យោងតាមការលើកឡើងរបស់មេបញ្ជាកងកម្លាំងរ៉ុក្កែតយុទ្ធសាស្ត្ររបស់រុស្ស៉ី ជាអង្គភាពមួយគ្រប់គ្រងលើឃ្លាំងអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBM), មីស៊ីល Oreshnik នេះ អាចវាយប្រហារលើគោលដៅស្ថិតនៅទូទាំងតំបន់អឺរ៉ុប ។
កន្លងមក រុស្ស៉ីបានប្រើប្រាស់មីស៊ីលដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ Oreshnik ចំនួន ៣ លើករួចមកហើយ ក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ។
បើតាមវិមានក្រឹមឡាំង, Oreshnik ជាមីស៊ីលដ៏ទំនើបបំផុតមួយរបស់រុស្ស៊ី ដែលបច្ចុប្បន្នគ្មានប្រព័ន្ធការពារអាវុធណាមួយអាចស្ទាក់ចាប់បាននោះទេ ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
