អូតាវ៉ា ៖ ប្រទេសកាណាដា បានប្រកាសទិញប្រព័ន្ធបាញ់រ៉ុក្កែតច្រើនប្រភេទ M142 HIMARS ចំនួន ២៦ គ្រឿង ក្នុងតម្លៃជិត ១,៩ ពាន់លានដុល្លារ ពីក្រុមហ៊ុនម៉ៅការការពារជាតិយក្ស Lockheed Martin របស់សហរដ្ឋអាមេរិក ។
កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងខែមករា ឆ្នាំ ២០២៦ ក្រោមកម្មវិធីលក់អាវុធបរទេសនេះ នឹងផ្តល់ឱ្យកងទ័ពកាណាដា នូវអាវុធវាយប្រហាររយៈចម្ងាយឆ្ងាយជាលើកដំបូង ។
បន្ថែមពីលើប្រព័ន្ធបាញ់រ៉ុក្កែត កិច្ចសន្យានេះក៏រួមបញ្ចូលគ្រាប់មីស៊ីល គ្រឿងបន្លាស់ ការបណ្តុះបណ្តាល និងសេវាកម្មគាំទ្រជាដើម ខណៈការដឹកជញ្ជូនត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅឆ្នាំ ២០២៩ ។
បើតាម Defense post, ប្រព័ន្ធ HIMARS មានសមត្ថភាពវាយប្រហារគោលដៅនៅចម្ងាយជាង ៣០០ គីឡូម៉ែត្រ ដោយប្រើមីស៊ីល GMLRS និង PrSM ដែលកាណាដា ក៏គ្រោងនឹងបញ្ជាទិញផងដែរ ។
នាពេលអនាគត កងទ័ពកាណាដា នឹងដាក់ឱ្យប្រព័ន្ធបាញ់រ៉ុក្កែត HIMARS ដើរតួសំខាន់ សម្រាប់ការការពារអធិបតេយ្យភាពតំបន់អាក់ទិក ការពារតំបន់ឆ្នេរ និងបង្កើនសមត្ថភាពធ្វើការរួមគ្នាជាមួយសម្ព័ន្ធមិត្តណាតួ ។
ជាផ្នែកមួយនៃកិច្ចសន្យាខាងលើនេះ ក្រុមហ៊ុន Lockheed Martin នឹងត្រូវបោះទុនវិនិយោគត្រឡប់មកវិញ ក្នុងទំហំទឹកប្រាក់ ១,៩ ពាន់លានដុល្លារក្នុងរយៈពេល ១០ ឆ្នាំ ដើម្បីគាំទ្រដល់អាជីវកម្មខ្នាតតូច និងមធ្យម ការស្រាវជ្រាវ និងការអភិវឌ្ឍន៍បច្ចេកវិទ្យាការពារជាតិរបស់កាណាដា ៕
ប្រភព ៖ Defense post ប្រែសម្រួល ៖ ឈឹម ទីណា


























