ហ្ស៊េរុយសាឡិម ៖ អ៊ីរ៉ង់បានបាញ់មីស៊ីល ទៅលើប្រទេសអ៊ីស្រាអែល ជាលើកដំបូង ចាប់តាំងពីមានបទឈប់បាញ់ ក្នុងសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា។

ហ្ស៊េរុយសាឡិម ៖ អ៊ីរ៉ង់បានបាញ់មីស៊ីល ទៅលើប្រទេសអ៊ីស្រាអែល ជាលើកដំបូង ចាប់តាំងពីមានបទឈប់បាញ់ ក្នុងសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា។
កាលពីថ្ងៃអាទិត្យ ស៊ីរ៉ែននៅលើអាកាស បានបន្លឺឡើង ក្នុងប្រទេសអ៊ីស្រាអែល ខណៈដែលយោធារបស់ខ្លួន បាននិយាយថា បានស្ទាក់ចាប់កាំជ្រួចមីស៊ីលអ៊ីរ៉ង់ ដែលបាញ់ចូលមក ខណៈដែលនេះគឺជាលើកដំបូងហើយ ចាប់តាំងពីបទឈប់បាញ់ ត្រូវបានដាក់ចេញ កាលពីខែមេសា។
ឆ្មាំបដិវត្តន៍ ដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់ បានហៅការវាយប្រហារនេះថា ជាការបាញ់ដើម្បីព្រមាន ពោលគឺនៅបន្ទាប់ពី អ៊ីស្រាអែល បានវាយប្រហារតំបន់ជាយក្រុង ភាគខាងត្បូង នៃ ទីក្រុង Beirut ប្រទេសលីបង់ នៅព្រឹកថ្ងៃដដែល ដោយគំរាមកំហែង ពីការកើតមានសកម្មភាពវាយប្រហារ កាន់តែទូលំទូលាយ។
បទឈប់បាញ់ នៅថ្ងៃទី៨ ខែមេសា បានបញ្ឈប់អរិភាពធំៗ រវាងអ៊ីរ៉ង់ និងសត្រូវរបស់ខ្លួន គឺ អ៊ីស្រាអែល ព្រមទាំង អាមេរិក។
ប៉ុន្តែ កិច្ចខិតខំប្រឹងប្រែងដើម្បីបង្វែរបទឈប់បាញ់ ទៅជាដំណោះស្រាយបញ្ចប់សង្គ្រាម បានជាប់គាំង ម្តងហើយម្តងទៀត ហើយការបាញ់មីស៊ីលដាក់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ គឺប្រាកដថា នឹងកាត់បន្ថយក្តីសង្ឃឹមសម្រាប់សន្តិភាពយូរអង្វែង ខណៈដែលសង្រ្គាមនៅមជ្ឈិមបូព៌ា ឈានដល់ថ្ងៃទី១០០ ហើយ។
ក្រោយដឹងដំណឹងនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump អះអាងថា លោកនឹងផ្តល់យោបល់ជូន លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល មិនឲ្យវាយប្រហារ តបតវិញ។
លោក Donald Trump បានប្រាប់សារព័ត៌មាន Axios ថា «ខ្ញុំនឹងទូរស័ព្ទ ទៅកាន់លោក Bibi ឥឡូវនេះ ហើយប្រាប់គាត់ កុំឱ្យសងសឹក» ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

