វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ បាននិយាយថា ប្រតិបត្តិការយោធាតាមជើងគោក ចូលលុកលុយអ៊ីរ៉ង់ ទំនងជាមិនទំនងកើតមាន នោះឡើយ។ ប៉ុន្តែ ប្រធានាធិបតីអាមេរិករូបនេះ ក៏អះអាងដែរថា លោកមិនចាត់ទុកទាហានប្រមាណ ៥០.០០០ នាក់ ដែលត្រូវបានដាក់ពង្រាយ នៅមជ្ឈិមបូព៌ា ថា ជាគ្រោះថ្នាក់ នោះទេ។
បើតាម Tass, ការគូសបញ្ជាក់នេះ ធ្វើឡើង នៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន NBC News កាលពីថ្ងៃអាទិត្យ។
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកមិនច្រានចោលការដាក់ពង្រាយទ័ពជើងគោកអាមេរិក ក្នុងប្រទេសអ៊ីរ៉ង់ទេ ប៉ុន្តែ លោកបាននិយាយថា សេណារីយ៉ូបែបនេះ ទំនងជាមិនកើតមានឡើង នោះទេ។
លោក Trump បាននិយាយថា «យើងអាចប្រើជម្រើសនេះ តែ វាមិនទំនងទេ យ៉ាងណា ខ្ញុំគិតថា យើងនឹងរក្សាកម្លាំង នៅតំបន់នោះ រហូតដល់ពេលដែលយើងបានបញ្ចប់ជម្លោះ»។
លោក ដូណាល់ ត្រាំ ក៏បាននិយាយផងដែរថា លោកមិនចាត់ទុកទាហានប្រហែល ៥ម៉ឺននាក់ ដែលដាក់ពង្រាយ នៅមជ្ឈិមបូព៌ាថា “ស្ថិតក្នុងគ្រោះថ្នាក់” នោះទេ។
គួរបញ្ជាក់ថា សង្គ្រាមអ៊ីរ៉ង់ បានចាប់ផ្តើមផ្ទុះឡើង កាលពីចុងខែកុម្ភៈ។ បទឈប់បាញ់ ត្រូវបានដាក់ចេញ នៅខែមេសា តែ នៅតែផុយស្រួល។
ស្ថានការណ៍ហាក់ឡើងកម្តៅឡើងវិញ ក្រោយពេលអាមេរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាឡើងវិញ កាលពីសប្តាហ៍មុន។ ចុងក្រោយនេះ កាលពីថ្ងៃអាទិត្យ
អ៊ីរ៉ង់ ទើបបាញ់មីស៊ីលដាក់អ៊ីស្រាអែល លើកដំបូង តាំងពីមានបទឈប់បាញ់ ហើយ ក៏មានសេចក្តីរាយការណ៍ថា អ៊ីស្រាអែល សងសឹកវិញភ្លាម បើទោះបី លោក ត្រាំ អះអាងថា នឹងហាមឃាត់ មិនឲ្យសងសឹកក៏ដោយ៕
ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត