តេហេរ៉ង់ ៖ មេបញ្ជាការនៃទីស្នាក់ការកណ្តាល ខាថែម អាល់ អានប៊ីយ៉ា របស់អ៊ីរ៉ង់ លោក អាលី អាប់ឌុលឡាហ៊ី បានព្រមានធ្ងន់ៗកាលពីថ្ងៃ អាទិត្យ ថា អ៊ីស្រាអែលនឹងប្រឈមមុខនូវការវាយប្រហារដ៏បំផ្លិចបំផ្លាញ និងគួរឱ្យសោកស្តាយបំផុតថែមទៀត ប្រសិនបើកងទ័ពអ៊ីស្រាអែលនៅតែបន្តពង្រីកប្រតិបត្តិការយោធា និងការឈ្លានពានប្រឆាំងប្រទេសលីបង់ ឬហ៊ានវាយបកមកលើទឹកដីអ៊ីរ៉ង់វិញ ។
ការព្រមាននេះធ្វើឡើងភ្លាមៗ បន្ទាប់ពីអ៊ីរ៉ង់បានសម្រេចចិត្តបើកការវាយប្រហារដោយមីស៊ីលផ្លោងជាច្រើនរលក តម្រង់ទៅកាន់ទឹកដីអ៊ីស្រាអែល ដែលជាការបំពាន និងធ្វើឱ្យរង្គោះរង្គើដល់កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយ ដែលបានព្រមព្រៀងគ្នាកាលពីខែមេសា ។
ក្រៅពីការគំរាមកំហែងដល់អ៊ីស្រាអែល មន្ត្រីជាន់ខ្ពស់ និងប្រធានសភាអ៊ីរ៉ង់ក៏បានព្រមានផងដែរថា រាល់ទ្រព្យសម្បត្តិ និងមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា ក៏នឹងក្លាយជាគោលដៅវាយបកស្របច្បាប់ដូចគ្នា ប្រសិនបើសង្គ្រាមនេះបន្តរីករាលដាល ។
បើតាមស៊ីនហួរ, បទឈប់បាញ់រវាងអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចូលជាធរមាននៅថ្ងៃទី៨ ខែមេសា ដោយបញ្ចប់អរិភាពរយៈពេល ៤០ថ្ងៃ ដែលបានចាប់ផ្តើមបន្ទាប់ពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេហេរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថា បានផ្លាស់ប្តូរសំណើជាច្រើន ដែលគូសបញ្ជាក់ពីលក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាព ហើយកំពុងប្រឹងប្រែងបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នា ដែលមានគោលបំណងបញ្ចប់ជម្លោះជាផ្លូវការ ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា