វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសប្រាប់ទៅកាន់ភាគីអ៊ីរ៉ង់ថា មីស៊ីលដែលប្រទេសនេះបានបាញ់ផ្លោងចូលទៅក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ គឺគ្រប់ល្មមសម្រាប់អាចទូទាត់រួចគ្នាបានហើយ ។

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសប្រាប់ទៅកាន់ភាគីអ៊ីរ៉ង់ថា មីស៊ីលដែលប្រទេសនេះបានបាញ់ផ្លោងចូលទៅក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ គឺគ្រប់ល្មមសម្រាប់អាចទូទាត់រួចគ្នាបានហើយ ។
លោក ត្រាំ ថែមទាំងទទូចឲ្យទីក្រុងតេហេរ៉ង់ឈប់ធ្វើការបាញ់ដាក់អ៊ីស្រាអែលបន្តទៀត ហើយងាកមករកតុចរចាជាមួយអាមេរិកឡើងវិញផងដែរ ។
ការប្រកាសនេះធ្វើឡើងភ្លាមៗ បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលទៅលើអ៊ីស្រាអែលជាលើកដំបូង ចាប់តាំងពីមានបទឈប់បាញ់ក្នុងសង្គ្រាមមជ្ឈិមបូព៌ា ដែលបានដាក់ចេញកាលពីថ្ងៃទី៨ ខែមេសា ហើយក៏ស្របពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu អះអាងថា លោកនឹងយល់ព្រម ពន្យារពេលវាយប្រហារលើអ៊ីរ៉ង់ បន្ទាប់ពីលោក Trump ជំរុញដោយផ្ទាល់កុំឱ្យមានការសងសឹក ។
ថ្លែងប្រាប់អ្នកឆ្លើយឆ្លងព័ត៌មាន Fox News នៅថ្ងៃចន្ទនេះ, លោក Trump អះអាងថា «អ្វីដែលលោកស្នើ ទៅប្រទេសអ៊ីរ៉ង់ គឺថា ទំហំនៃការបាញ់មីស៊ីលរបស់អ៊ីរ៉ង់ដាក់អ៊ីស្រាអែល គឺជាគ្រប់គ្រាន់ហើយ» ។
បើតាម Tass, កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ IRGC ប្រកាសថា កាំជ្រួចមីស៊ីល ដែលត្រូវបានបាញ់បញ្ជូន ទៅកម្ទេចមូលដ្ឋានអាកាស Ramat David របស់អ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែមិថុនា ធ្វើឡើងដើម្បីទុកជាការសងសឹក ប្រឆាំងនឹងទីក្រុងហ្ស៊េរុយសាឡិម ដែលបន្តគឃ្លើន វាយប្រហារទៅលើប្រទេសលីបង់ បើទោះបីជាមានបទឈប់បាញ់ក៏ដោយ ។
ប៉ុន្តែ កងកម្លាំងការពារអ៊ីស្រាអែល អះអាងថា ខ្លួនស្ទាក់ចាប់មីស៊ីលរបស់អ៊ីរ៉ង់ បានទាំងអស់ ។
ក្រោយការវាយប្រហារនេះ លោក Trump ក៏បានហៅទូរស័ព្ទទៅកាន់លោក Netanyahu ភ្លាមៗ ផងដែរ ។ បើតាម Axios, លោក Netanyahu បានយល់ព្រមតាមសំណើ របស់លោក Trump មិនឲ្យសងសឹក ប្រឆាំងនឹងការវាយប្រហារមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ ដើម្បីទុកពេលឲ្យក្រុងវ៉ាស៊ីនតោន បន្តកិច្ចព្រមព្រៀងការទូត ជាមួយទីក្រុងតេហេរ៉ង់ ។
លោកថា ទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងតេហេរ៉ង់ ជិតឈានដល់កិច្ចព្រមព្រៀងជាផ្លូវការហើយ ហើយអាចនឹងត្រូវចុះហត្ថលេខាក្នុងសប្តាហ៍នេះតែម្ដង ។
យ៉ាងណា បើទោះបីលោក Netanyahu ព្រមព្រៀង មិនសងសឹកក៏ដោយ ប៉ុន្តែ សារព័ត៌មានអន្តរជាតិនានា បានចុះផ្សាយថា អ៊ីស្រាអែលបានធ្វើការវាយប្រហារ ប្រឆាំងនឹងគោលដៅយោធា នៅភាគខាងលិច និង ប៉ែកកណ្តាល របស់ប្រទេស អ៊ីរ៉ង់ រួចទៅហើយ ៕
ប្រភព៖ Times of Israel, Tass, CNA, ប្រែសម្រួល ៖ សារ៉ាត
