ប៉ារីស ៖ ប្រទេសបារាំង និងអាល្លឺម៉ង់ កាលពីថ្ងៃ អង្គារ បានសម្រេចចិត្តបំផ្លាញចោលជាផ្លូវការ នូវគម្រោងអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ទី ៦ រួមគ្នា ដែលជាផ្នែកមួយនៃគម្រោង Future Combat Air System ហៅកាត់ថា FCAS ដែលមានតម្លៃរហូតដល់ ១១៦ ពាន់លានដុល្លារ ។

ប៉ារីស ៖ ប្រទេសបារាំង និងអាល្លឺម៉ង់ កាលពីថ្ងៃ អង្គារ បានសម្រេចចិត្តបំផ្លាញចោលជាផ្លូវការ នូវគម្រោងអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ទី ៦ រួមគ្នា ដែលជាផ្នែកមួយនៃគម្រោង Future Combat Air System ហៅកាត់ថា FCAS ដែលមានតម្លៃរហូតដល់ ១១៦ ពាន់លានដុល្លារ ។
បើតាម Aljazeera, គំនិតផ្តួចផ្តើមផលិតយន្តហោះចម្បាំងជាប្រវត្តិសាស្រ្តនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ ដោយប្រធានាធិបតីបារាំង លោក Emmanuel Macron និងអតីតអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ។
គម្រោង FCAS បង្កើតឡើងមានគោលបំណងអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មី ដើម្បីជំនួសយន្តហោះចម្បាំង Rafale របស់បារាំង និងយន្តហោះចម្បាំង Eurofighter របស់អង់គ្លេស អាល្លឺម៉ង់ និងអេស្ប៉ាញនៅឆ្នាំ ២០៤០ ។
ប៉ុន្តែមហិច្ឆតាការពារជាតិដ៏ធំបំផុតរបស់អឺរ៉ុបមួយនេះ បានរលាយសូន្យត្រឹមតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ បន្ទាប់ពីអធិការបតីអាល្លឺម៉ង់បច្ចុប្បន្ន គឺលោក Friedrich Merz និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានព្រមព្រៀងគ្នាបំផ្លាញវាចោល ។
មូលហេតុដែលបារាំង-អាល្លឺម៉ង់មិនអាចសម្រេចគម្រោងរួមគ្នានេះបាន គឺដោយសារតែក្រុមហ៊ុន Airbus របស់ខាងភាគីអាល្លឺម៉ង់ រួមទាំងអេស្ប៉ាញ និងក្រុមហ៊ុន Dassault Aviation របស់បារាំង មិនព្រមចុះសម្រុងគ្នា ក្នុងការបែងចែកកម្មសិទ្ធិបញ្ញា និងសិទ្ធិគ្រប់គ្រងសង្វាក់ផលិតកម្ម ។
ទោះបីជាគម្រោងអភិវឌ្ឍយន្តហោះចម្បាំងរួមគ្នាដួលរលំក៏ដោយ ភាគីទាំងពីរកំពុងតែរៀបចំដំណោះស្រាយមួយ ដើម្បីបន្តរួមគ្នាអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាការពារជាតិផ្សេងៗទៀត ។
ក្នុងនោះមានដូចជាប្រព័ន្ធបណ្តាញបញ្ជាការសម្ងាត់ (Combat Cloud) និងយន្តហោះគ្មានមនុស្សបើកជំនួយ ក្រោមឈ្មោះរួមដដែល គឺ FCAS ប៉ុន្តែសម្រាប់កម្មវិធីផលិតយន្តហោះចម្បាំង ដែលជាបេះដូងនៃគម្រោងនេះ គឺត្រូវលុបចោលទាំងស្រុង ៕
ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា
