វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានបើកការវាយប្រហារប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ជាថ្មី បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ និយាយថា ទីក្រុងតេហេរ៉ង់ បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache របស់សហរដ្ឋអាមេរិក នៅច្រកសមុទ្រ Hormuz។

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានបើកការវាយប្រហារប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ជាថ្មី បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ និយាយថា ទីក្រុងតេហេរ៉ង់ បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache របស់សហរដ្ឋអាមេរិក នៅច្រកសមុទ្រ Hormuz។
លោក Trump បានប្រាប់ ABC News ថា «ខ្ញុំជឿថា ការឆ្លើយតបគួរតែខ្លាំង ហើយ មានឥទ្ធិពលខ្លាំង»។
បើតាម CNA, ការវាយប្រហារជាថ្មីនេះ ធ្វើឱ្យមានការសង្ស័យយ៉ាងស៊ីជម្រៅ លើកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពល និង ការរឹតបន្តឹងបទឈប់បាញ់ដ៏ផុយស្រួយ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា កោះ Qeshm នៅច្រកសមុទ្រ Hormuz ត្រូវបានវាយប្រហារ ហើយការបាញ់កាំជ្រួច ត្រូវបានបញ្ជាក់ នៅក្នុងទីក្រុងកំពង់ផែ Sirik នៅលើច្រកសមុទ្រ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ ដោយដកស្រង់ប្រភពក្នុងស្រុក និងអ្នកស្រុកថា សំឡេងនៃការផ្ទុះត្រូវបានគេឮ នៅក្នុងតំបន់ Bandar Abbas នៅក្បែរនោះ ហើយក្រោយមកទៀត នៅក្នុងតំបន់ ជុំវិញនៃស្រុក Jask នៅជិតផ្លូវចូលច្រកសមុទ្រ។
បន្ទាប់ពីការវាយប្រហារ, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានបង្ហោះ នៅលើបណ្តាញសង្គម X ថា «ប្រទេសនេះនឹងមិនទុកការវាយប្រហារ ឬ ការគំរាមកំហែងណាមួយ ដែលមិនមានការឆ្លើយនោះឡើយ»។
នៅក្នុងការបង្ហោះមុននេះ លោកមិនបាននិយាយ ដោយផ្ទាល់អំពីឧបទ្ទវហេតុឧទ្ធម្ភាគចក្រនោះទេ ប៉ុន្តែបាននិយាយថា កងកម្លាំងបរទេសនៅក្នុងតំបន់ ធ្វើឲ្យអ៊ីរ៉ង់ប្រឈមនឹងគ្រោះថ្នាក់ បើមិនបាញ់ប្រហារ។ លោក បានសរសេរថា «ដើម្បីកាត់បន្ថយហានិភ័យ ដំណោះស្រាយដ៏ល្អបំផុតគឺឱ្យពួកគេ ចាកចេញ»។
យោងតាមលោក Trump, អ្នកបើកបរយន្តហោះអាមេរិក ពីរនាក់ ដែលជាប់ពាក់ព័ន្ធក្នុងឧប្បត្តិហេតុឧទ្ធម្ភាគចក្រ មិនមានរបួសទេ។ មន្ត្រីអាមេរិក ដែលនិយាយ ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ បានអះអាងថា Apache ត្រូវបានទម្លាក់ដោយយន្តហោះគ្មានមនុស្សរបស់អ៊ីរ៉ង់។
យ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់អ៊ីរ៉ង់ បានដកស្រង់ប្រភពយោធា ដោយនិយាយថា គ្មានប្រតិបត្តិការយោធា តាមអាកាសណាមួយ ដែលត្រូវបានធ្វើឡើង នៅច្រកសមុទ្រ Hormuz ក្នុងរយៈពេល ២៤ ម៉ោងមុន៕
ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត
