បេរូត ៖ យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បន្តទម្លាក់គ្រាប់បែក នៅទីប្រជុំជន នៅភាគខាងត្បូង នៃ ប្រទេសលីបង់ កាលពីយប់ថ្ងៃអង្គារ។ ជម្លោះនេះបានផ្តើមចេញពីការដែលពួក Hezbollah នៅប្រទេសលីបង់ បាញ់ផ្លោងចូលទឹកដីអ៊ីស្រាអែល កាលពីខែមីនា ដើម្បីគាំទ្រអ៊ីរ៉ង់ ក្នុងសង្គ្រាម ដែលអាមេរិក និងអ៊ីស្រាអែល ស្រាក់ដៃគ្នា ចុចប៊ូតុងបំផ្ទុះ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។
បើតាម Anadolu ដែលចុះផ្សាយបន្តពីទីភ្នាក់ងារសារព័ត៌មានផ្លូវការ ប្រទេសលីបង់ NNA បានអះអាងថា យន្តហោះចម្បាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែក លើទីប្រជុំជន Kafr Dunin ក្នុងខេត្ត Nabatiyeh ភាគខាងត្បូង ខណៈដែល ទីក្រុង Benaful ក្នុងខេត្ត Sidon ភាគខាងត្បូងនៃរដ្ឋធានី Beirut ក៏ជាគោលដៅរបស់យន្តហោះចម្បាំងផងដែរ។
របាយការណ៍ ក៏បានបង្ហាញផងដែរថា កងទ័ពអ៊ីស្រាអែលបានកំណត់គោលដៅ លើទីក្រុងនានា នៅតំបន់ Bekaa ភាគខាងលិច ជាមួយនឹងកាំភ្លើងធំ Howitzer នៅពេលយប់ ថ្ងៃទី៩ ខែមិថុនា ដូចគ្នា។
យ៉ាងណាមិញ សេចក្តីថ្លែងការណ៍ ជាលាយលក្ខណ៍អក្សរ របស់កងទ័ពអ៊ីស្រាអែល បានអះអាងថា ពួកគេបន្តការវាយប្រហារ ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធ Hezbollah នៅក្នុងតំបន់ផ្សេងៗ នៃភាគខាងត្បូងលីបង់។
ក្រសួងសុខាភិបាលលីបង់បានប្រកាស នៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ខ្លួនថា មនុស្ស ៣ពាន់៦៦៦នាក់បានស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសនេះ ចាប់តាំងពីថ្ងៃទី ២ ខែមីនា៕
ប្រភព៖ Anadolu ប្រែសម្រួល ៖ សារ៉ាត