តេហេរ៉ង់ ៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ បានប្រកាសបិទច្រកសមុទ្រ ហ័រមូស ទាំងស្រុង មិនឲ្យគ្រប់នាវាទាំងអស់ បើកឆ្លងកាត់។ នេះបើតាមការចេញផ្សាយរបស់ Tass នៅថ្ងៃព្រហស្បតិ៍នេះ។

តេហេរ៉ង់ ៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ បានប្រកាសបិទច្រកសមុទ្រ ហ័រមូស ទាំងស្រុង មិនឲ្យគ្រប់នាវាទាំងអស់ បើកឆ្លងកាត់។ នេះបើតាមការចេញផ្សាយរបស់ Tass នៅថ្ងៃព្រហស្បតិ៍នេះ។
បើតាមប្រភព, លោក Khatam al-Anbiya អ្នកនាំពាក្យ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បាននិយាយថា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារជាថ្មី របស់សហរដ្ឋអាមេរិក លើទឹកដីរបស់ខ្លួន អ៊ីរ៉ង់បានសម្រេចចិត្តបិទច្រកសមុទ្រ Hormuz ទាំងស្រុង សម្រាប់ការធ្វើនាវាចរណ៍។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានដកស្រង់សេចក្តីថ្លែងការណ៍ បញ្ជាក់បន្ថែមថា «មានប្រសិទ្ធភាពភ្លាមៗ ដោយសារកង្វះសន្តិសុខក្នុងតំបន់, ច្រកសមុទ្រ Hormuz ត្រូវបានប្រកាសបិទ ចំពោះនាវាគ្រប់ប្រភេទ រួមទាំង នាវាដឹកប្រេង និងកប៉ាល់ជំនួញផ្សេងៗទៀត។ ការប៉ុនប៉ងឆ្លងកាត់ណាមួយ នឹងត្រូវជួបជាមួយនឹងការវាយប្រហារ»។
ទន្ទឹមនឹងនេះ កងកម្លាំងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ ហៅកាត់ IRGC បាននិយាយថា ពួកគេបានបុកនាវា ពីរគ្រឿង ដែលព្យាយាមឆ្លងកាត់ច្រកសមុទ្ររួចហើយ។
យ៉ាងណាមិញ ជាការឆ្លើយតបភ្លាមៗ, បញ្ជាការកណ្តាលអាមេរិក ហៅកាត់ CENTCOM បាននិយាយថា នាវាពាណិជ្ជកម្មបន្តឆ្លងកាត់ច្រកសមុទ្រ Hormuz ។
ប្រភពបញ្ជាក់ តាមបណ្តាញសង្គម X ថា «កប៉ាល់ពាណិជ្ជកម្មកំពុងបន្តឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយមិនមាននាវាអាមេរិកមួយណា ដែលត្រូវបានវាយប្រហារ នៅច្រកសមុទ្រនោះទេ»៕
ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

