វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រើសម្តីសម្លុតគំរាមជាថ្មីកាលពីថ្ងៃ ពុធ ថា អ៊ីរ៉ង់បានចំណាយពេលយូរពេកហើយ ក្នុងការចរចាកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាម បើសិនបន្តដូច្នេះ នោះទីក្រុងតេហេរ៉ង់ នឹងត្រូវប្រឈមមុខនូវផលវិបាកកាន់តែធ្ងន់ធ្ងរ ។
មេដឹកនាំអាមេរិករូបនេះ បានបង្ហោះសារលើ Truth Social ថា យោធាអ៊ីរ៉ង់ស្ថិតនៅក្នុងភាពរញ៉េរញ៉ៃគ្រប់យ៉ាង ។ ភាគច្រើន ដូចជាកងទ័ពជើងទឹក និងកងទ័ពអាកាសរបស់ពួកគេ លែងមានទៀតហើយ ។ ពោលគឺពួកគេត្រូវរងបរាជ័យទាំងស្រុង ។ អ៊ីរ៉ង់អាចត្រឹមនិយាយគំរាមប៉ុណ្ណោះ តែគ្មានសកម្មភាពអ្វីទេ ។
លោក Trump បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់បានចំណាយពេលយូរពេកហើយ ដើម្បីចរចាកិច្ចព្រមព្រៀងមួយ ដែលនឹងល្អសម្រាប់ពួកគេ ។ ហើយឥឡូវនេះ ពួកគេនឹងត្រូវប្រឈមមុខនូវផលវិបាកកាន់តែធ្ងន់ធ្ងរ ។
ការព្រមានធ្ងន់ៗរបស់លោក Trump ធ្វើឡើងស្របពេលដែលការប្រយុទ្ធគ្នាក្នុងតំបន់ រវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ចាប់ផ្តើមកម្រើកឡើងវិញ ទោះបីជាបច្ចុប្បន្ន ភាគីពាក់ព័ន្ធកំពុងបន្តកិច្ចខិតខំប្រឹងប្រែងផ្លូវការទូត ដើម្បីពន្លត់ភ្លើងសង្គ្រាមដែលឆាប់ឆេះកាលពីចុងខែកុម្ភៈក៏ដោយ ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា