វ៉ាស៊ីនតោន ៖ យោធាអាមេរិក បានប្រកាសកាលពីថ្ងៃ ពុធ ថា ខ្លួនបានបញ្ចប់រលកថ្មី នៃការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ ដោយផ្តោតលើការបំផ្លាញសមត្ថភាពឃ្លាំមើលយោធារបស់អ៊ីរ៉ង់ ប្រព័ន្ធទំនាក់ទំនង និងទីតាំងការពារដែនអាកាសនៅទូទាំងប្រទេសអ៊ីរ៉ង់ ។

វ៉ាស៊ីនតោន ៖ យោធាអាមេរិក បានប្រកាសកាលពីថ្ងៃ ពុធ ថា ខ្លួនបានបញ្ចប់រលកថ្មី នៃការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ ដោយផ្តោតលើការបំផ្លាញសមត្ថភាពឃ្លាំមើលយោធារបស់អ៊ីរ៉ង់ ប្រព័ន្ធទំនាក់ទំនង និងទីតាំងការពារដែនអាកាសនៅទូទាំងប្រទេសអ៊ីរ៉ង់ ។
ទីបញ្ជាការកណ្តាលដែលគ្រប់គ្រងកងកម្លាំងក្នុងតំបន់ បានបង្ហោះសារលើ X ថា កងម៉ារីនអាមេរិក កងកម្លាំងអាកាស និងកងទ័ពជើងទឹក បានវាយប្រហារយ៉ាងជាក់លាក់លើគោលដៅជាច្រើនរបស់អ៊ីរ៉ង់ ដែលបង្កការគំរាមកំហែងដល់កងកម្លាំងរបស់សហរដ្ឋអាមេរិក និងនាវាពាណិជ្ជកម្មអន្តរជាតិ ដែលកំពុងឆ្លងកាត់ដែនទឹកក្នុងតំបន់ ។
រលកវាយប្រហារជាលើកទី២ជាប់ៗគ្នានេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានអះអាងថា អ៊ីរ៉ង់បានចំណាយពេលយូរពេកហើយ ដើម្បីចរចាកិច្ចព្រមព្រៀងមួយ ដែលនឹងល្អសម្រាប់ពួកគេ ។ ហើយឥឡូវនេះ ពួកគេនឹងត្រូវប្រឈមមុខនូវផលវិបាកកាន់តែធ្ងន់ធ្ងរ ។
ឆ្លើយតបរលកវាយប្រហាររបស់យោធាសហរដ្ឋអាមេរិក អ៊ីរ៉ង់បើកការវាយប្រហារសងសឹកសំដៅមូលដ្ឋានទ័ពអាមេរិកនៅឈូងសមុទ្រ Gulf ។ បើតាម BBC, មូលដ្ឋានទ័ពអាមេរិកនៅបារ៉ែន និងគុយវ៉ែត បានរងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ។
ក្រៅពីវាយប្រហារសងសឹក, អ៊ីរ៉ង់ថែមទាំងបានសម្រេចចិត្តបិទច្រកសមុទ្រ Hormuz ទាំងស្រុង សម្រាប់ការធ្វើនាវាចរណ៍ផងដែរ ។
ច្រកសមុទ្រដែលជាសរសៃឈាមនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ២០ ភាគរយរបស់ពិភពលោកមួយនេះ ត្រូវបានអ៊ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួតដៃគ្នាវាយប្រហារមកលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ។
ការបិទខ្ទប់នេះ បានបង្កការរំខានដល់ផ្លូវដឹកជញ្ជូនសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធថាមពល និងជំរុញឱ្យតម្លៃប្រេង ឧស្ម័ន និងប្រេងឥន្ធនៈកើនឡើង ដែលបង្កើនការព្រួយបារម្ភអំពីការខ្វះខាត អតិផរណា និងវិបត្តិថ្លៃដើមរស់នៅឡើងវិញ ៕
ប្រភព ៖ AFP និង BBC ប្រែសម្រួល ៖ ឈឹម ទីណា


