កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្តេជ្ញាបន្តវាយសម្រុកមិនដកដៃចូលជ្រៅទៅក្នុងទឹកដីរបស់រុស្ស៊ី ដើម្បីសងសឹកទៅនឹងទីក្រុងមូស្គូដែលវាយប្រហារចូលជ្រៅក្នុងទឹកដីរបស់ខ្លួនដូចគ្នា ។

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្តេជ្ញាបន្តវាយសម្រុកមិនដកដៃចូលជ្រៅទៅក្នុងទឹកដីរបស់រុស្ស៊ី ដើម្បីសងសឹកទៅនឹងទីក្រុងមូស្គូដែលវាយប្រហារចូលជ្រៅក្នុងទឹកដីរបស់ខ្លួនដូចគ្នា ។
លោក Zelensky រំពឹងថា យុទ្ធសាស្រ្តនេះ នឹងអាចបង្ខំឱ្យលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin រត់រកតុចរចាបញ្ចប់សង្គ្រាម ។
ការតាំងចិត្តនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក Zelensky អះអាងកាលពីថ្ងៃពុធថា កងកម្លាំងអ៊ុយក្រែនបានប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយផលិតក្នុងស្រុក FP-5 Flamingo វាយប្រហាររោងចក្រយោធាដ៏សំខាន់មួយរបស់រុស្ស៊ី ។
បើតាម Euronews, មីស៊ីល Flamingo បានបង្ហាញខ្លួនលើកដំបូងលើពិភពលោកកាលពីឆ្នាំ ២០២៥ ។ វាជាប្រភេទមីស៊ីលផ្លោងនាំផ្លូវ មានសមត្ថភាពវាយប្រហារគោលដៅសត្រូវក្នុងចម្ងាយប្រហែល ៣ ពាន់គីឡូម៉ែត្រ និងអាចពាំក្បាលគ្រាប់ទម្ងន់ ១,១០០ គីឡូក្រាម ។
ចំណែកគោលដៅរុស្ស៊ីដែលមីស៊ីល Flamingo វាយកម្ទេចនេះ គឺជារោងចក្រផ្គត់ផ្គង់គ្រាប់មីស៊ីល និងយន្តហោះដ្រូនស្ថិតនៅក្នុងទីក្រុង Cheboksary នៃតំបន់ Chuvash មានចម្ងាយជាង ៩០០ គីឡូម៉ែត្រ ពីសមរភូមិជួរមុខ ។
បន្ទាប់ពីការវាយប្រហារនោះ លោកប្រធានាធិបតី Zelensky បានបង្ហោះសារលើបណ្តាញសង្គម X ថា យើងនឹងបន្តអនុវត្តសកម្មភាពវាយលុករយៈចម្ងាយឆ្ងាយប្រឆាំងនឹងទីតាំងយោធា រួមទាំងឧស្សាហកម្មប្រេងរបស់រុស្ស៊ី ។
ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានចាប់ផ្តើមឆាបឆេះឡើង តាមរយៈប្រតិបត្តិការលុកលុយទ្រង់ទ្រាយធំរបស់រុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលគិតមកដល់ឆ្នាំ ២០២៦ នេះ គឺមានរយៈពេលជាង ៤ ឆ្នាំហើយ ។
អំពើហិង្សាប្រដាប់អាវុធដ៏រុំារ៉ៃនេះ ត្រូវបានគេចាត់ទុកថា ជាជម្លោះយោធាដ៏ធំបំផុតនៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរមក ៕
ប្រភព ៖ Euronews ប្រែសម្រួល ៖ ឈឹម ទីណា
