វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានបាត់បង់ ឬខូចខាតយន្តហោះចម្បាំងទំនើបបំផុត យន្តហោះដ្រូនស៊ើបការណ៍ថ្លៃបំផុត ព្រមទាំងឧទ្ធម្ភាគចក្រយោធាសរុបចំនួន ៤២ គ្រឿង ដែលមានតម្លៃប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ ដែលឆាបឆេះចាប់តាំងពីចុងខែកុម្ភៈមក ។
របាយការណ៍នេះ ចងក្រងឡើងដោយភ្នាក់ងារស្រាវជ្រាវនៃសភាអាមេរិក ហៅកាត់ (CRS) ដែលបានប្រមូលទិន្នន័យពីក្រសួងការពារជាតិអាមេរិក និងទីបញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក ហៅកាត់ (Centcom) ។
បើតាម The Hill, នៅក្នុងប្រតិបត្តិការយោធាដ៏ក្តៅគគុក “Epic Fury” កងទ័ពអាកាសអាមេរិកបានបាត់បង់យន្តហោះចម្បាំងប្រភេទ F-15E ចំនួន ៤ គ្រឿង, យន្តហោះចម្បាំងជំនាន់ថ្មី F-35A មួយគ្រឿង, យន្តហោះវាយប្រហារគោលដៅលើដី A-10 មួយគ្រឿង, យន្តហោះចាក់សាំងលើអាកាស KC-135 ចំនួន ៧ គ្រឿង, យន្តហោះរ៉ាដាបញ្ជាការ E-3 មួយគ្រឿង រួមទាំងយន្តហោះដឹកជញ្ជូនសម្រាប់ប្រតិបត្តិការពិសេស និងឧទ្ធម្ភាគចក្រមួយចំនួនទៀត ។
អ្វីដែលជាការខូចខាតផ្នែកបច្ចេកវិទ្យាអាកាសចរណ៍ខ្លាំងបំផុតរបស់សហរដ្ឋអាមេរិក នោះគឺការបាត់បង់យន្តហោះដ្រូនស៊ើបការណ៍ធុនធ្ងន់ MQ-9 Reaper ដល់ទៅ ២៤ គ្រឿង និងដ្រូនប្រភេទ MQ-4C Triton មួយគ្រឿងទៀត ។
លោក Jules W Hurst ប្រធានផ្នែកហិរញ្ញវត្ថុស្តីទីនៃមន្ទីរបញ្ចកោណនិយាយថា មូលហេតុចម្បង ដែលនាំឱ្យការខាតបង់កើនដល់ ២៩ ពាន់លានដុល្លារ គឺដោយសារតែរដ្ឋាភិបាលត្រូវចំណាយលើតម្លៃនៃការជួសជុល និងការទិញជំនួសមកវិញនូវរាល់គ្រឿងយុទ្ធោបករណ៍ និងយន្តហោះចម្បាំងទាំងឡាយណា ដែលបានខូចខាត ឬត្រូវបានបំផ្លាញចោលនៅក្នុងសមរភូមិដ៏ក្តៅគគុកមួយនេះ ។
ភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ាបានចាប់កក្រើកឡើងវិញ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានព្រួតគ្នាបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ។
អ៊ីរ៉ង់បានសងសឹកភ្លាមៗ តាមរយៈការវាយប្រហារដែលផ្តោតលើប្រទេសអ៊ីស្រាអែល ក៏ដូចជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងឈូងសមុទ្រ ជាពិសេសទីក្រុងតេហេរ៉ង់បានបិទច្រកសមុទ្រហ័រមូស ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ការផលិតថាមពលពិភពលោក ៕
ប្រភព ៖ The Hill ប្រែសម្រួល ៖ ឈឹម ទីណា