វ៉ាសូវី ៖ ប្រទេស ប៉ូឡូញ ទទួលបានយន្តហោះចម្បាំង F-35 ឈុតដំបូង របស់ខ្លួន ពីសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ។

វ៉ាសូវី ៖ ប្រទេស ប៉ូឡូញ ទទួលបានយន្តហោះចម្បាំង F-35 ឈុតដំបូង របស់ខ្លួន ពីសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ។
យន្តហោះចម្បាំងពហុមុខងារ F-35 ដែលទីក្រុង វ៉ាសូវី ទិញពីសហរដ្ឋអាមេរិក បានចុះចត នៅមូលដ្ឋាន Lask ក្នុងប្រទេសប៉ូឡូញ ដើម្បីដាក់បញ្ចូល ទៅក្នុងកងកម្លាំងប្រដាប់អាវុធ ប្រទេសអឺរ៉ុប មួយនេះ។
ប្រធានាធិបតីប៉ូឡូញ លោក Karol Nawrocki ប្រកាសថា «នៅប៉ុន្មានឆ្នាំខាងមុខ ប្រទេសប៉ូឡូញ នឹងកាន់តែរឹងមាំ កាន់តែមានថាមពល និងមានសុវត្ថិភាពជាងមុន» ដោយលោកហៅទទួល F-35 ថា ជា “ថ្ងៃប្រវត្តិសាស្ត្រ” ។
បើតាម Euronews, យន្តហោះចម្បាំង F-35 ជំនាន់ទីប្រាំ គឺជាយន្តហោះចម្បាំងទំនើបបំផុត នៅក្នុងពិភពលោក ជាមួយបច្ចេកវិទ្យាបំបាំងកាយ ដែលបង្កការពិបាកសម្រាប់រ៉ាដា របស់សត្រូវ ក្នុងការចាប់បាន។ ពួកវាត្រូវបានបំពាក់ ជាមួយនឹងឧបករណ៍ចាប់សញ្ញាយ៉ាងទូលំទូលាយ ដែលអនុញ្ញាតឱ្យប្រមូល វិភាគ និងបញ្ជូនព័ត៌មាន ទៅកាន់អង្គភាពយោធាផ្សេងទៀត ដែលប្រតិបត្តិការលើអាកាស, លើគោក និងនៅសមុទ្រ។
បើតាមប្រភព, ប្រទេស ប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចសន្យាទិញ នៅដើមឆ្នាំ២០២០ ដើម្បីទទួលបានយន្តហោះចម្បាំង F-35 ចំនួន ៣២គ្រឿង រួមជាមួយនឹងកញ្ចប់ហ្វឹកហាត់ និងម៉ាស៊ីនបន្ថែម។ កិច្ចព្រមព្រៀងនេះ មានតម្លៃ ៤.៦ ពាន់លានដុល្លារ ដោយយន្តហោះនីមួយៗ មានតម្លៃប្រហែល ៨៧លានដុល្លារ៕
ប្រភព ៖ AFP, Euronews ប្រែសម្រួល ៖ សារ៉ាត
