វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា កិច្ចព្រមព្រៀងសន្តិភាព រវាងអាមេរិកនិងអ៊ីរ៉ង់ នឹងត្រូវចុះហត្ថលេខា នៅថ្ងៃអាទិត្យនេះ។

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា កិច្ចព្រមព្រៀងសន្តិភាព រវាងអាមេរិកនិងអ៊ីរ៉ង់ នឹងត្រូវចុះហត្ថលេខា នៅថ្ងៃអាទិត្យនេះ។
លោក ត្រាំ បានប្រកាស តាមរយៈបណ្តាញសង្គម Truth Social កាលពីថ្ងៃសៅរ៍ថា «កិច្ចព្រមព្រៀងនេះ គ្រោងនឹងចុះហត្ថលេខា នៅថ្ងៃស្អែក ហើយភ្លាមៗ បន្ទាប់ពីការហត្ថលេខារួច ច្រកសមុទ្រ Hormuz គឺបើកចំហសម្រាប់ទាំងអស់គ្នា»។
បើតាម CNA, ច្រកសមុទ្រ Hormuz ដែលជាផ្លូវពាណិជ្ជកម្មផ្លូវសមុទ្រដ៏សំខាន់ ដឹកប្រេង និងឧស្ម័នពីឈូងសមុទ្រ ទៅកាន់ទីផ្សារទូទាំងពិភពលោក ត្រូវបានរារាំងដោយទីក្រុង Tehran ចាប់តាំងពីការផ្ទុះសង្រ្គាម នៅចុងខែកុម្ភៈ។ សហរដ្ឋអាមេរិកបានឆ្លើយតបវិញ ជាមួយនឹងការបិទកំពង់ផែអ៊ីរ៉ង់ ក្នុងការប៉ុនប៉ង ដើម្បីរារាំងការនាំចេញថាមពល របស់ប្រទេសនេះ ។
ជុំវិញការអះអាងរបស់ លោក ដូណាល់ ត្រាំ, អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បាននិយាយ ដោយយោងតាមទីភ្នាក់ងារព័ត៌មាន IRNA បញ្ជាក់ថា «យើងត្រូវរង់ចាំមើល អំពីពេលវេលាពិតប្រាកដ នៃការចុះហត្ថលេខា» ប៉ុន្តែ លោកអះអាងថា មិនមែនជាថ្ងៃអាទិត្យនេះទេ។
យ៉ាងណា លោក ត្រាំ បានសង្កត់ធ្ងន់ថា «យើងទន្ទឹងរង់ចាំ ធ្វើការជាមួយអ៊ីរ៉ង់ និងមជ្ឈិមបូព៌ាទាំងមូល ជាយូរមកហើយ ទៅថ្ងៃអនាគត»។
ប្រធានាធិបតីអាមេរិករូបនេះ ក៏បានអះអាដែរថា «គ្មានការដោះដូរលុយ ដើម្បីជាផ្នែកនៃកិច្ចព្រមព្រៀងជាមួយសាធារណរដ្ឋអ៊ីស្លាម នោះទេ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត
