ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានប្រកាសបើកសេរីភាព កាន់តែច្រើនបន្ថែមទៀត សម្រាប់អាជីវកម្មខ្នាតតូច ជាលក្ខណៈឯកជន នៅទូទាំងប្រទេស។ ចំណាត់ការនេះ ធ្វើឡើង ចំពេលដែលរដ្ឋាភិបាលចាត់វិធានការ ដើម្បីសេរីភាវូបនីយកម្មសេដ្ឋកិច្ច របស់ប្រទេសជាកោះ ដែលកំពុងប្រឈមនឹងការបិទផ្លូវ របស់អាមេរិក។
នៅក្នុងសុន្ទរកថា ដែលផ្សាយតាមទូរទស្សន៍ជាតិ កាលពីថ្ងៃសុក្រ, លោក Diaz-Canel បាននិយាយថា «ប្រទេសគុយបានឹងបើកវិស័យបន្ថែមទៀត ដល់អាជីវកម្មឯកជន និង សម្រួលដំណើរការអនុម័ត សម្រាប់ការបណ្តាក់ទុនថ្មីៗ»។
លោកប្រធានាធិបតីអះអាងទៀតថា «សម្រាប់ទម្រង់ នៃការគ្រប់គ្រងមិនមែនរដ្ឋ, បញ្ជីនៃសកម្មភាពហាមឃាត់ នឹងត្រូវបានកំណត់ ដូច្នេះ វិសាលភាពនៃប្រតិបត្តិការរបស់ពួកគេ គឺទូលំទូលាយ តាមដែលអាចធ្វើទៅបាន» ។
ក្រោមសម្ពាធពីការបិទផ្លូវប្រេង ដែលដាក់ដោយទីក្រុងវ៉ាស៊ីនតោន ក្នុងខែមករា រដ្ឋាភិបាលគុយបាបានបង្ហាញពីកំណែទម្រង់ ជាបន្តបន្ទាប់ ក្នុងគោលបំណងបើកសេដ្ឋកិច្ច។
អាជីវកម្មឯកជននានា ដែលអាចផ្តល់ការងារដល់មនុស្ស ១០០នាក់ ក្នុងមួយអាជីវកម្ម ត្រូវបានអនុញ្ញាត នៅឆ្នាំ២០២១ ហើយបានក្លាយជាផ្នែកសំខាន់កាន់តែខ្លាំងឡើង នៃសេដ្ឋកិច្ចរបស់ប្រទេសគុយបា។ ចាប់តាំងពីខែកុម្ភៈមក អាជីវកម្មទាំងនេះត្រូវបានអនុញ្ញាតឱ្យនាំចូលឥន្ធនៈ ដែលជាវិស័យ គ្រប់គ្រងដោយរដ្ឋ ពីមុនមក។
ជាផ្នែកនៃវិធានការថ្មី រដ្ឋាភិបាលនឹងអនុញ្ញាតឱ្យអាជីវកម្មឯកជនវិនិយោគក្នុងសេដ្ឋកិច្ច ក្នុងលក្ខខណ្ឌស្មើភាព ជាមួយអ្នកវិនិយោគបរទេស បន្ទាប់ពីពួកគេមួយចំនួនបានចាកចេញពីប្រទេស កាលពីពេលថ្មីៗនេះ ចំពេលមានការព្រួយបារម្ភអំពីការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក។
លោក Diaz-Canel បាននិយាយដែរថា រដ្ឋាភិបាលគុយបាក៏កំពុងពិចារណាលើការលុបចោលអន្តរការីរបស់រដ្ឋ នៅក្នុងប្រតិបត្តិការនាំចូល និងនាំចេញផងដែរ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត