វ៉ាស៊ីនតោន, តេហេរ៉ង់ ៖ អាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ដែលគ្រោងនឹងចុះហត្ថលេខាជាផ្លូវការ នៅប្រទេសស្វីស នាថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ របស់ CNA។

វ៉ាស៊ីនតោន, តេហេរ៉ង់ ៖ អាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ដែលគ្រោងនឹងចុះហត្ថលេខាជាផ្លូវការ នៅប្រទេសស្វីស នាថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ របស់ CNA។
មន្ត្រីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បាននិយាយ កាលពីថ្ងៃអាទិត្យថា ពួកគេបានព្រមព្រៀង លើក្របខណ្ឌមួយ ដើម្បីបញ្ចប់សង្រ្គាម, បញ្ឈប់ការបិទផ្លូវរបស់អាមេរិកលើអ៊ីរ៉ង់ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ ជាកិច្ចព្រមព្រៀងបឋម ដែលបានធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ ប៉ុន្តែ ទុកឱ្យជោគវាសនានៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងការចរចាបន្ថែមទៀត។
លោក Trump បានសរសេរ នៅលើវេទិកាសង្គម Truth Social ថា «កិច្ចព្រមព្រៀងជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ឥឡូវនេះ បានបញ្ចប់រួចរាល់»។ ជាការប្រកាសភ្លាមៗ បន្ទាប់ពីនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ដែលជាអ្នកសម្រុះសម្រួលបានប្រកាសថា កិច្ចព្រមព្រៀងមួយត្រូវបានសម្រេច។
លោកបន្តថា អនុស្សរណៈនៃការយោគយល់គ្នានេះ គ្រោងនឹងចុះហត្ថលេខា ជាផ្លូវការ នៅថ្ងៃសុក្រ ក្នុងប្រទេសស្វីស។ លក្ខខណ្ឌច្បាស់លាស់នៃកិច្ចព្រមព្រៀង មិនត្រូវបានគេដឹងភ្លាមៗនោះទេ។
លោក Sharif បាននិយាយ នៅក្នុងការបង្ហោះ លើបណ្តាញសង្គម X ថា កតិកាសញ្ញានេះ បានអំពាវនាវឱ្យ ការបញ្ចប់ជាបន្ទាន់ និងជាអចិន្ត្រៃយ៍នៃប្រតិបត្តិការយោធាលើគ្រប់មុខ រួមទាំង នៅក្នុងប្រទេសលីបង់ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លេខាធិការដ្ឋាននៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ បាននិយាយថា សង្គ្រាម និងប្រតិបត្តិការយោធាលើគ្រប់មុខទាំងអស់ រួមទាំងប្រទេសលីបង់ នឹងបញ្ចប់ជាអចិន្ត្រៃយ៍ ដោយចាប់ផ្តើមភ្លាមៗ។
មិនទាន់មានប្រតិកម្មភ្លាមៗ ចំពោះការប្រកាសពីអ៊ីស្រាអែលនោះទេ ប៉ុន្តែ មេដឹកនាំប្រទេសមួយនេះ ធ្លាប់និយាយថា ខ្លួនមិនមែនជាភាគីនៃកិច្ចចរចា រវាងអាមេរិកនិងអ៊ីរ៉ង់នោះឡើយ៕
ប្រភព ៖ CNA, ប្រែសម្រួល ៖ សារ៉ាត
