កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហើបឱ្យដឹងនៅថ្ងៃ អាទិត្យ ថា រូបលោកនឹងពិភាក្សាអំពីការឈ្លានពានរបស់ទីក្រុងមូស្គូ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាមរុស្ស៊ីជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អំឡុងកិច្ចប្រជុំកំពូល G7 នៅប្រទេសបារាំង ។
ការលើកឡើងនេះ កើតឡើងបន្ទាប់ពីលោក ហ្សេលេនស្គី បាននិយាយទូរស័ព្ទជាមួយមេដឹកនាំអាមេរិករូបនេះ កាលពីថ្ងៃ អាទិត្យ ចំថ្ងៃខួបកំណើតគម្រប់ ៨០ ឆ្នាំរបស់លោក ត្រាំ ។
លោក ហ្សេលេនស្គី បានបង្ហោះសារលើបណ្តាញសង្គមថា អំឡុងការសន្ទនាតាមទូរស័ព្ទនោះ លោក និងលោក ត្រាំ បានឯកភាពគ្នាថា នឹងពិភាក្សាបន្ថែមទៀតក្នុងអំឡុងកិច្ចប្រជុំនៅឯកិច្ចប្រជុំកំពូល G7 ។
លោក ហ្សេលេនស្គី បន្ថែមថា ពួកយើងមានគំនិតល្អៗមួយចំនួន ដែលអាចជួយជំរុញសន្តិភាព និងការការពារអាយុជីវិតមនុស្ស ។
បើតាម AFP, លោកប្រធានាធិបតី ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូល G7 ជាមួយលោក ហ្សេលេនស្គី នៅប្រទេសបារាំង នៅថ្ងៃ អង្គារ ស្អែកនេះ ។
រហូតមកទល់ពេលនេះ កិច្ចចរចាដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលកំពុងបន្តរហូតដល់ឆ្នាំទី ៥ ចាប់តាំងពីការឈ្លានពានរបស់ទីក្រុងមូស្គីក្នុងខែកុម្ភៈ ឆ្នាំ២០២២ ត្រូវបានរារាំងដោយសារតែសង្គ្រាមអ៊ីរ៉ង់ ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា