បរទេស ៖ សហរដ្ឋអាមេរិក និងបណ្តាប្រទេសសម្ព័ន្ធមិត្តបានព្រមព្រៀងគ្នាថា នឹងផ្តល់ប្រាក់សំណង ៣០០ ពាន់ដុល្លារដើម្បីឲ្យអ៊ីរ៉ង់យកទៅប្រើប្រាស់កសាងប្រទេសឡើងវិញ ក្រោយរងការខូចខាត ព្រោះតែស្នាដៃសង្គ្រាមរបស់អាមេរិក និងអ៊ីស្រាអែលកាលពីថ្ងៃទី២៨ ខែកុម្ភៈ ។ នេះបើតាមការអះអាងរបស់អ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ ។
ការអះអាងនេះធ្វើឡើងភ្លាមៗ បន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់បានប្រកាសពីកិច្ចព្រមព្រៀងសន្តិភាព ១៤ ចំណុចដែលនឹងត្រូវចុះហត្ថលេខា ជាផ្លូវការ នៅប្រទេសស្វីស នាថ្ងៃសុក្រ សប្តាហ៍នេះ ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ Mehr News Agency, ក្នុងចំណោម ១៤ ចំណុច ដែលចែងក្នុងអនុស្សរណៈនៃការយោគយល់ មានលក្ខខណ្ឌមួយ បញ្ជាក់ថា «សហរដ្ឋអាមេរិក និងបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួន ត្រូវផ្តល់ថវិកាយ៉ាងហោចណាស់ ៣០០ ពាន់លានដុល្លារលើផែនការកសាងអ៊ីរ៉ង់ឡើងវិញ ។
ប្រភពដដែលបញ្ជាក់ថា ការអះអាងនេះ ក៏ស្របនឹងអ្វីដែលអ៊ីរ៉ង់ធ្លាប់បានប្រកាស កាលពីសប្តាហ៍មុនថា ក្នុងករណីដែលអ៊ីរ៉ង់មិនទទួលបានទឹកប្រាក់ក្នុងទំហំនេះនោះទេ អ៊ីរ៉ង់មិនព្រមព្រៀងបញ្ចប់សង្គ្រាម ឬបើកច្រកសមុទ្រ ហ័រមូសឡើងវិញនោះឡើយ ។
បើតាម Mehr, អ៊ីរ៉ង់អំពាវនាវដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ឲ្យទូទាត់ សម្រាប់ការខូចខាត ដែលបណ្តាលមកពីសង្រ្គាម ហើយ មូលនិធិកសាងឡើងវិញ នឹងពឹងផ្អែកលើកិច្ចព្រមព្រៀងចុងក្រោយ ដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ។
បើតាម BBC, ក្រៅពីរឿងសំណង ៣០០ពាន់លានដុល្លារ , ខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពអាមេរិក និងអ៊ីរ៉ង់ ដែលត្រូវបានប្រកាស ដោយប្រទេសគូជម្លោះទាំងពីរ ក៏មានចែងអំពីចំណុចនានាផ្សេងទៀត ដូចជា បទឈប់បាញ់ជាអចិន្ត្រៃយ៍ រួមទាំងប្រទេសលីបង់, ការប្តេជ្ញាចិត្តរបស់អាមេរិក មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់អ៊ីរ៉ង់, បញ្ចប់ការបិទផ្លូវរបស់កងទ័ពជើងទឹករបស់អាមេរិក និង ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ក្នុងរយៈពេល ៣០ថ្ងៃ, ការបញ្ចប់ទណ្ឌកម្មលើផលិតផលប្រេង និងថាមពលរបស់អ៊ីរ៉ង់, ការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ មិនផលិតអាវុធនុយក្លេអ៊ែរជាថ្មីម្តងទៀត ហើយ អាមេរិកប្តេជ្ញា មិនបង្កើនកម្លាំងរបស់ខ្លួនក្នុងតំបន់ ព្រមទាំង មិនដាក់ទណ្ឌកម្មជាថ្មីផងដែរ ៕
ប្រភព ៖ BBC , Yahoo ប្រែសម្រួល ៖ សារ៉ាត