ប៉ារីស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅថ្ងៃ ចន្ទ ថា រូបលោកបានស្នើជួបតទល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅឯកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសបារាំង នាសប្តាហ៍នេះ ដើម្បីបញ្ចប់សង្រ្គាមអូសបន្លាយជាង ៤ ឆ្នាំ ។

ប៉ារីស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅថ្ងៃ ចន្ទ ថា រូបលោកបានស្នើជួបតទល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅឯកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសបារាំង នាសប្តាហ៍នេះ ដើម្បីបញ្ចប់សង្រ្គាមអូសបន្លាយជាង ៤ ឆ្នាំ ។
លោក ហ្សេលេនស្គី បានអះអាងថា ជារឿងគួរសោកស្តាយ លោក ពូទីន មិនបានអើពើនឹងសំណើរបស់លោកទេ ពីព្រោះតែមេដឹកនាំរុស្ស៊ីរូបនេះ មិនទាន់បានត្រៀមខ្លួនសម្រាប់ការចរចាបញ្ចប់ជម្លោះនៅឡើយទេ ។
ថ្លែងនៅមុខប្រាសាទប្រវត្តិសាស្រ្តក្នុងទីក្រុងកៀវ ដែលអ៊ុយក្រែនចោទរងការខូចខាតដោយការវាយប្រហាររបស់រុស្ស៊ី លោក ហ្សេលេនស្គី បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានយល់ព្រមការអញ្ជើញលោក ពូទីន ឲ្យមកចូលរួមជំនួបនេះ ដែលចាប់ផ្តើមនៅថ្ងៃ ចន្ទ នៅរមណីយដ្ឋាន Evian-les-Bains ។
លោក ហ្សេលេនស្គី បានប្រាប់អ្នកសារព័ត៌មានថា ពួកយើងបានផ្តល់សារដែលពួកយើងត្រៀមខ្លួនរួចរាល់ ក្នុងការជួបលោក ពូទីន អំឡុងជំនួបកំពូល G7 ពីព្រោះថា លោក ត្រាំ ក៏នៅទីនោះ ហើយលោក ម៉ាក្រុង ក៏នៅទីនោះដែរ ដូច្នេះហើយ មានទាំងអឺរ៉ុបបូកអាមេរិក ។
លោកគិតថា នេះគឺជាឱកាសដ៏ល្អមួយសម្រាប់ការជួបជុំទាំងអស់គ្នា ។ ប៉ុន្តែគួរឱ្យសោកស្តាយ រុស្ស៊ីបានបញ្ជាក់ជាថ្មីម្តងទៀតថា ពួកគេមិនទាន់ត្រៀមខ្លួននិយាយអំពីសន្តិភាពនោះទេ ។
ថ្មីៗនេះ លោក ហ្សេលេនស្គី ក៏បានផ្ញើលិខិតបើកចំហរសុំជួបលោក ពូទីន ផងដែរ ប៉ុន្តែត្រូវបានលោក ពូទីន បដិសេធ ដោយលើកហេតុផលថា គ្មានមូលហេតុអី ដែលគាត់ត្រូវជួបលោក ហ្សេលេនស្គី នៅពេលនេះទេ ដរាបណា អាចឈានដល់កិច្ចព្រមព្រៀងចុងក្រោយ ។
គួរបញ្ជាក់ថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន គឺជាជម្លោះយោធាដ៏ធំបំផុតនៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី២មក ។
ជម្លោះរវាងប្រទេសពីរ បានចាប់ផ្ដើមតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ប៉ុន្តែបានឈានដល់កម្រិតបំផ្លិចបំផ្លាញទ្រង់ទ្រាយធំ បន្ទាប់ពីការវាយលុកយ៉ាងគំហុកពីសំណាក់កងទ័ពរុស្ស៊ីចូលទៅក្នុងទឹកដីអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

