ហ៊្សេរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសក្តែងៗកាលពីថ្ងៃ ចន្ទ ថា កងទ័ពអ៊ីស្រាអែលនឹងបន្តឈរជើងយ៉ាងរឹងមាំនៅតំបន់ហ្គាហ្សា លីបង់ និងស៊ីរី ដរាបណាវានៅតែជារឿងចាំបាច់ ។

ហ៊្សេរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសក្តែងៗកាលពីថ្ងៃ ចន្ទ ថា កងទ័ពអ៊ីស្រាអែលនឹងបន្តឈរជើងយ៉ាងរឹងមាំនៅតំបន់ហ្គាហ្សា លីបង់ និងស៊ីរី ដរាបណាវានៅតែជារឿងចាំបាច់ ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល ខេតស៍ បានថ្លែងបន្ទរពីក្រោយលោក ណេតាន់យ៉ាហ៊ូ ថា លោកនាយករដ្ឋមន្ត្រី និងរូបលោក កំពុងបន្តគោលនយោបាយច្បាស់លាស់មួយ ។
គោលនយោបាយនេះ គឺបន្តដាក់ពង្រាយកងកម្លាំងការពារអ៊ីស្រាអែល នៅតំបន់សន្តិសុខក្នុងប្រទេសលីបង់ ស៊ីរី និងហ្គាហ្សា ដោយគ្មានកាលកំណត់ ដើម្បីការពារព្រំដែន និងសហគមន៍អ៊ីស្រាអែលពីទីនោះ ប្រឆាំងនឹងក្រុមគាំទ្រពួកសកម្មប្រយុទ្ធជីហាដ ។
លោក ខេតស៍ ដែលមានវ័យ៧០ឆ្នាំរូបនេះ ក៏បានព្រមានអ៊ីរ៉ង់ផងដែរថា ប្រសិនបើសាធារណរដ្ឋឥស្លាមមួយនេះ ហ៊ានវាយប្រហារអ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការរបស់ខ្លួននៅលីបង់ នោះអ៊ីស្រាអែលនឹងសងសឹកវិញ ដោយប្រើប្រាស់កម្លាំងយ៉ាងចាស់ដៃ ។
បើតាម Straits Times, អ៊ីស្រាអែលបំផ្ទុះសង្គ្រាមធំៗចំនួនពីរលើកប្រឆាំងនឹងអ៊ីរ៉ង់ ហើយការវាយប្រហារចុងក្រោយបំផុត បានចាប់ផ្តើមកាលពីចុងខែកុម្ភៈឆ្នាំនេះ ដោយចាប់ដៃជាមួយយោធាអាមេរិក ។
ភ្លើងសង្គ្រាមនោះ បានឆាបឆេះរាលដាលដល់ប្រទេសលីបង់ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហេសបូឡា ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក បានបាញ់ស្រោចមីស៊ីលចូលទៅក្នុងទឹកដីអ៊ីស្រាអែល ដើម្បីបង្ហាញពីការគាំទ្ររបស់ខ្លួនចំពោះអ៊ីរ៉ង់ ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

