មូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត Tu-22M3 ចំនួនមួយគ្រឿងរបស់រុស្ស៊ី បានធ្លាក់ឆេះកាលពីថ្ងៃ ចន្ទ ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់នៅតំបន់ Irkutsk នៃតំបន់ Siberia ។

មូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត Tu-22M3 ចំនួនមួយគ្រឿងរបស់រុស្ស៊ី បានធ្លាក់ឆេះកាលពីថ្ងៃ ចន្ទ ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់នៅតំបន់ Irkutsk នៃតំបន់ Siberia ។
ប៉ុន្តែជាសំណាងល្អ ពីឡុតចំនួន ៤ នាក់ដែលជិះក្នុងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តនេះ បានចុចប៊ូតុងផ្តាច់កៅអីពីយន្តហោះ ហើយរំដោះខ្លួនពីគ្រោះថ្នាក់ដោយសុវត្ថិភាព ។
អភិបាលតំបន់ Irkutsk លោក Igor Kobzev បាននិយាយថា មូលហេតុបឋមនៃឧបទ្ទវហេតុធ្លាក់យន្តហោះ Tu-22M3 ត្រូវបានគេកំណត់ថា បណ្តាលមកពីបញ្ហាកំហូចម៉ាស៊ីន ។
យន្តហោះ Tu-22M3 របស់រុស្ស៊ីនេះ ត្រូវបានធ្វើទំនើបកម្មពីម៉ូដែលចាស់ Tu-22 ដើម្បីអាចមានសមត្ថភាពផ្ទុកមីស៊ីល “Kinzhal” ដែលលឿនជាងសំឡេងដល់ទៅ ៥ដង ។
វាគឺជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត មានល្បឿនលឿនជាងសំឡេង ១.៩ដង ឬអាចហោះក្នុងចម្ងាយប្រហែល ២,៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងហោះឆ្ងាយបំផុតប្រហែល ៦,៨០០ គីឡូម៉ែត្រ ។
យន្តហោះទម្លាក់គ្រាប់បែកនេះ មានសមត្ថភាពផ្ទុកអាវុធក្នុងទម្ងន់រហូតដល់ ២៤,០០០ គីឡូក្រាម ហើយអាចទម្លាក់គ្រាប់បែកមានទម្ងន់ពី ២៥០ គីឡូក្រាម ដល់ ១,៥០០ គីឡូក្រាម ។
យន្តហោះ Tu-22 ត្រូវបានរុស្ស៊ីដាក់ដំណើរការប្រើប្រាស់ជាផ្លូវការ ចាប់តាំងពីឆ្នាំ ១៩៨៩ ក្នុងសម័យសហភាពសូវៀត ។
វាត្រូវបានកងទ័ពអាកាសរុស្ស៊ីយកទៅប្រើក្នុងសង្គ្រាមជាច្រើន មានដូចជា នៅអាហ្វហ្គានីស្ថាន សង្គ្រាមនៅហ្សកហ្ស៊ី ប្រតិបត្តិការយោធានៅស៊ីរី និងជម្លោះរុស្ស៊ី-អ៊ុយក្រែននាពេលបច្ចុប្បន្ន ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

