ប៉េកាំង ៖ ប្រទេសចិន ដែលជាមហាយក្សនៅអាស៊ី បានប្រកាសក្តែងៗ កាលពីថ្ងៃ ចន្ទ ថា ការពង្រឹងកម្លាំងយោធារបស់ខ្លួន គឺមានផលប្រយោជន៍ជួយដល់សន្តិភាពពិភពលោក ។

ប៉េកាំង ៖ ប្រទេសចិន ដែលជាមហាយក្សនៅអាស៊ី បានប្រកាសក្តែងៗ កាលពីថ្ងៃ ចន្ទ ថា ការពង្រឹងកម្លាំងយោធារបស់ខ្លួន គឺមានផលប្រយោជន៍ជួយដល់សន្តិភាពពិភពលោក ។
ទីក្រុងប៉េកាំងក៏បានរិះគន់របាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវ Lowy ដែលបានព្រមានកាលពីថ្ងៃទី១៤ ខែមិថុនាថា ការគំរាមកំហែងនៃការវាយប្រហារដោយផ្ទាល់របស់ចិនលើអូស្ត្រាលី កំពុងកើនឡើង ។
យោធាអាមេរិកបានទម្លាយឱ្យដឹងកាលពីខែធ្នូឆ្នាំមុនថា មីស៊ីលបាលិស្ទីក DF-27 របស់ចិន មានសមត្ថភាពវាយប្រហារគោលដៅក្នុងចម្ងាយពី ៥,០០០ ទៅ ៨,០០០ គីឡូម៉ែត្រ ។
ឆ្លើយតបរបាយការណ៍របស់វិទ្យាស្ថាន Lowy អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់អ្នកសារព័ត៌មានថា ការកើនឡើងកម្លាំងយោធារបស់ប្រទេសចិន តំណាងឲ្យការកើនឡើងកងកម្លាំង សម្រាប់សន្តិភាពពិភពលោក ។
លោក Lin បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍកម្លាំងយោធារបស់ចិន គឺមានបំណងការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ ហើយមិនមែនសំដៅលើប្រទេសជាក់លាក់ណាមួយឡើយ ។
ជាមួយគ្នានេះ លោក Lin ក៏បានជំរុញស្ថាប័នពាក់ព័ន្ធ ឲ្យឈប់ផ្សព្វផ្សាយពីការគំរាមកំហែងដោយទីក្រុងប៉េកាំង ហើយមើលការអភិវឌ្ឍរបស់ប្រទេសចិន តាមរបៀបដែលមានគោលបំណងយុត្តិធម៌ និងសមហេតុផល ។
ការបញ្ចេញប្រតិកម្មខ្លាំងៗរបស់ចិន ធ្វើឡើងបន្ទាប់ពីរបាយការណ៍របស់វិទ្យាស្ថាន Lowy ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បានចោទថា ចិនមានសមត្ថភាពវាយប្រហារដោយមីស៊ីលដោយផ្ទាល់ទៅលើអូស្ត្រាលី ។
វិទ្យាស្ថាននេះបន្ថែមថា ការគំរាមកំហែងនេះ លេចឡើងស្របពេលដែលប្រទេសចិនកំពុងប្រមូលផ្តុំអាវុធរយៈចម្ងាយឆ្ងាយ និងមានល្បឿនលឿនជាងសំឡេង ព្រមទាំងសាងសង់កោះនៅសមុទ្រចិនខាងត្បូង ។
យ៉ាងណា ប្រទេសចិនបានថ្កោលទោសការវិនិច្ឆ័យខុសជាយុទ្ធសាស្ត្រធ្ងន់ធ្ងររបស់របាយការណ៍នេះ ដោយបញ្ជាក់ថា ខ្លួនបានប្តេជ្ញាចិត្ត ចំពោះមាគ៌ានៃការអភិវឌ្ឍដោយសន្តិភាព ៕



ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា
