វ៉ាស៊ីនតោន ៖ មន្រ្តីជាន់ខ្ពស់អឺរ៉ុបពីររូបបានទម្លាយឱ្យដឹងថា សហរដ្ឋអាមេរិកមានគម្រោងកាត់បន្ថយ ឬដកចំនួនយន្តហោះចម្បាំង និងនាវាពិឃាតយ៉ាងច្រើន ចេញពីទឹកដីសម្ព័ន្ធមិត្តណាតូនៅអឺរ៉ុប ។

វ៉ាស៊ីនតោន ៖ មន្រ្តីជាន់ខ្ពស់អឺរ៉ុបពីររូបបានទម្លាយឱ្យដឹងថា សហរដ្ឋអាមេរិកមានគម្រោងកាត់បន្ថយ ឬដកចំនួនយន្តហោះចម្បាំង និងនាវាពិឃាតយ៉ាងច្រើន ចេញពីទឹកដីសម្ព័ន្ធមិត្តណាតូនៅអឺរ៉ុប ។
ការសម្រេចចិត្តនេះ កើតឡើងចំពេលមានសម្ពាធពីរដ្ឋបាលលោកប្រធានាធិបតី Donald Trump ដែលតែងតែរិះគន់អឺរ៉ុបថា បានពឹងផ្អែកលើការការពារពីសហរដ្ឋអាមេរិកខ្លាំងពេក និងមិនព្រមបង្កើនកញ្ចប់ថវិកាយោធាឱ្យដល់ ៣,៥% នៃផលិតផលក្នុងស្រុកសរុប (GDP) ។
ផែនការកាត់បន្ថយកម្លាំងយោធានេះ ត្រូវបានអាមេរិកផ្ញើជាលាយលក្ខណ៍អក្សរទៅកាន់បណ្តាប្រទេសជាសម្ព័ន្ធមិត្តអឺរ៉ុប កាលពីដើមខែមិថុនា ដើម្បីជំរុញឱ្យប្លុកមានរដ្ឋសមាជិកចំនួន ២៧ ប្រទេសនេះ បង្កើនការពឹងផ្អែកលើសមត្ថភាពការពារជាតិដោយខ្លួនឯង ។
បើតាម Politis, សហរដ្ឋអាមេរិកគ្រោងកាត់បន្ថយយន្តហោះចម្បាំងដល់ទៅ ១ភាគ៣ ពោលគឺពីជាង ១៥០គ្រឿង មកត្រឹម ១០០គ្រឿង រួមមានយន្តហោះ F-16 និង F-15E ។
ក្នុងនោះ ទីក្រុងវ៉ាស៊ីនតោន ក៏ត្រៀមដកយន្តហោះឈ្លបយកការណ៍តាមសមុទ្រពី ២៦គ្រឿង មកត្រឹម ១៥គ្រឿង និងដកយន្តហោះចាក់សាំងលើអាកាសទាំងអស់ចំនួន ៨គ្រឿង ។
បន្ថែមលើនេះ អាមេរិកក៏មានផែនការដកនាវាមុជទឹកផ្ទុកមីស៊ីល នាវាផ្ទុកយន្តហោះចម្បាំង រួមទាំងក្រុមយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ១ក្រុម ក្នុងចំណោម ២ក្រុមផងដែរ ។
អឺរ៉ុបបានពឹងផ្អែកយ៉ាងខ្លាំងលើឆ័ត្រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក តាមរយៈអង្គការណាតូ ដើម្បីការពារខ្លួនពីការគំរាមកំហែងផ្នែកសន្តិសុខពីរុស្ស៊ី ចាប់តាំងពីសម័យសង្រ្គាមត្រជាក់រហូតមកដល់បច្ចុប្បន្ន ៕
ប្រភព ៖ Politis ប្រែសម្រួល ៖ ឈឹម ទីណា

