មូស្គូ ៖ ក្រុមហ៊ុន Rosatom របស់ប្រទេសរុស្ស៊ីបានចុះកិច្ចសន្យាសាងសង់រោងចក្រនុយក្លេអ៊ែរ នៅក្នុងប្រទេសឡាវ ដើម្បីគាំទ្របន្ថែមទៀតដល់វិស័យថាមពលរបស់ប្រទេសអាស៊ានមួយនេះ ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារ TASS ។

មូស្គូ ៖ ក្រុមហ៊ុន Rosatom របស់ប្រទេសរុស្ស៊ីបានចុះកិច្ចសន្យាសាងសង់រោងចក្រនុយក្លេអ៊ែរ នៅក្នុងប្រទេសឡាវ ដើម្បីគាំទ្របន្ថែមទៀតដល់វិស័យថាមពលរបស់ប្រទេសអាស៊ានមួយនេះ ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារ TASS ។
កិច្ចសន្យានេះត្រូវបានចុះហត្ថលេខារួមគ្នា រវាងលោក Alexey Likhachev នាយកប្រតិបត្តិ ក្រុមហ៊ុន Rosatom និងលោក Malaithong Kommasith រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មប្រទេសឡាវក្នុងទីក្រុងមូស្គូកាលពីថ្ងៃទី១៥ ខែមិថុនា ។
ក្រុមហ៊ុន Rosatom បញ្ជាក់ថា កិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលនេះ គឺជាឯកសារមូលដ្ឋាន សម្រាប់ការបង្កើតកិច្ចសហប្រតិបត្តិការពេញលេញ រវាងប្រទេសទាំងពីរ ក្នុងវិស័យនុយក្លេអ៊ែរ ។
ដំណាក់កាលដំបូង តម្រូវឲ្យស្នើសិក្សាអំពីលទ្ធភាពបឋម ក្នុងការធ្វើសមាហរណកម្មនៃរោងចក្រថាមពលនុយក្លេអ៊ែរ នាពេលអនាគត ទៅក្នុងប្រព័ន្ធថាមពលរបស់ឡាវ ។
ការសិក្សានេះ នឹងកំណត់រចនាសម្ព័ន្ធនៃគម្រោង និង តំបន់សក្តានុពលសម្រាប់ទីតាំងរបស់រោងចក្រ ដែលនឹងផ្តល់ឱកាសឱ្យភាគីឡាវ ធ្វើការសម្រេចចិត្ត ប្រកបដោយការយល់ដឹង អំពីកម្មវិធីអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ ។
បើតាម Eadaily , ក្រុមហ៊ុននុយក្លេអ៊ែរ Rosatom កំពុងធ្វើការយ៉ាងសកម្ម នៅតំបន់អាស៊ី។ ជាក់ស្តែង គម្រោងដ៏ធំបំផុតរបស់សហគ្រាសនេះ ត្រូវបានអនុវត្តនៅក្នុងប្រទេសចិន ឥណ្ឌា និង បង់ក្លាដែស។
សម្រាប់ប្លុកអាស៊ាន, ក្រៅពីប្រទេសឡាវ ក្រុមហ៊ុនរុស្ស៊ីមួយនេះ ត្រូវបានរាយការណ៍ដែរថា ក៏កំពុងមានកិច្ចសហប្រតិបត្តិការ ជាមួយនឹងប្រទេសវៀតណាម ដើម្បីសាងសង់រោងចក្រនុយក្លេអ៊ែរ ផងដែរ៕
ប្រភព ៖ Tass, Eadaily ប្រែសម្រួល ៖ សារ៉ាត
