បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ចេញផ្សាយ នៅថ្ងៃអង្គារនេះថា កប៉ាល់របស់ខ្លួនបានបើកឆ្លងកាត់តំបន់ ដែលធ្លាប់តែបិទផ្លូវ ពីសំណាក់កងទ័ពជើងទឹកអាមេរិក ហើយ ឆ្ពោះដំណើរសំដៅចូលទៅក្នុងកំពង់ផែរបស់ខ្លួន ដោយគ្មានគ្រោះថ្នាក់ ជាលើកដំបូង ពោល គឺនៅបន្ទាប់ពីប្រទេសគូជម្លោះទាំងពីរបានប្រកាសពីកិច្ចព្រមព្រៀងសន្តិភាព បញ្ចប់សង្គ្រាម ជាស្ថាពរ។
ការបើកផ្លូវទឹកវិញនេះ ក៏បានឆ្លើយតបនឹងខ្លឹមសារ នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា ១៤ចំណុច ដែលបានចែងពីលក្ខខណ្ឌ តម្រូវឲ្យអាមេរិក បញ្ចប់ការបិទផ្លូវរបស់កងទ័ពជើងទឹក ដែលធ្លាប់រាំងខ្ទប់ដង្ហើមសេដ្ឋកិច្ចអ៊ីរ៉ង់ ហើយ បញ្ចប់ទណ្ឌកម្ម លើផលិតផលប្រេង និង ថាមពលផ្សេងទៀត របស់អ៊ីរ៉ង់។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ Fars ចេញមកអះអាងថា ប្រធានាធិបតីអាមេរិក លោក Donald Trump ពិតជាបានបញ្ជាឱ្យ បញ្ចប់ការបិទផ្លូវនាវាចរណ៍ បន្ទាប់ពីមានកិច្ចព្រមព្រៀង ហើយនាវាអ៊ីរ៉ង់ ជាច្រើនគ្រឿង ក៏អាចឆ្លងកាត់តំបន់នោះបានឡើងវិញ ដោយគ្មានឧបទ្ទេវហេតុ អ្វីទាំងអស់។
បើតាម Anadolu, កប៉ាល់ដឹកប្រេង VLCC របស់អ៊ីរ៉ង់ និង នាវាមួយគ្រឿងទៀត ដែលដឹកជញ្ជូនសត្វមានជីវិត បានធ្វើដំណើរ ឆ្ពោះទៅកាន់កំពង់ផែអ៊ីរ៉ង់ ចាកចេញពីដែនទឹក ខណៈដែល កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ ផ្សេងៗទៀត ក៏កំពុងឆ្លងកាត់ឈូងសមុទ្រអូម៉ង់ ឆ្ពោះទៅកាន់កំពង់ផែនាំចេញរបស់ខ្លួន បានជាធម្មតាឡើងវិញ។
ការបន្ទន់ឥរិយាបថនេះ ធ្វើឡើង នៅ២ថ្ងៃ បន្ទាប់ពី សហរដ្ឋអាមេរិក និង អ៊ីរ៉ង់ បានប្រកាសពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា ដែលនាំឱ្យមានការធូរស្រាល ភាពតានតឹង ពោលគឺ ក្រោយពេលដែលកើតមានអំពើហិង្សាដ៏សាហាវជាច្រើនខែ ជាមួយនឹងភាពវឹកវរ នៅក្នុងសេដ្ឋកិច្ចពិភពលោក។
គួររម្លឹកថា សង្គ្រាមបានផ្ទុះឡើង កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយផ្តើមចេញពីការវាយប្រហារ របស់អាមេរិក និងអ៊ីស្រាអែល ប្រឆាំងទៅលើអ៊ីរ៉ង់ ខណៈដែលទីក្រុងតេហេរ៉ង់ សងសឹកវិញ ជាមួយនឹងការវាយប្រហារ លើអ៊ីស្រាអែល និង បណ្តាប្រទេសសម្ព័ន្ធមិត្តអាមេរិក នៅក្នុងតំបន់៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ សារ៉ាត