បេរូត ៖ មេដឹកនាំក្រុមហេសបូឡា លោក Naim Qassem បានផ្ញើសារអរគុណដល់អ្នកចរចាកំពូលរបស់អ៊ីរ៉ង់ ដែលបានជួយបញ្ឈប់ការឈ្លានពានរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកលើប្រទេសលីបង់ ។

បេរូត ៖ មេដឹកនាំក្រុមហេសបូឡា លោក Naim Qassem បានផ្ញើសារអរគុណដល់អ្នកចរចាកំពូលរបស់អ៊ីរ៉ង់ ដែលបានជួយបញ្ឈប់ការឈ្លានពានរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកលើប្រទេសលីបង់ ។
សារអរគុណរបស់ក្រុមហេសបូឡា ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានប្រកាសសម្រេចបាននូវកិច្ចព្រមព្រៀងបឋមមួយ ហើយគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាផ្លូវការនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី១៩ ខែមិថុនាខាងមុខនេះ ។
នៅក្នុងសារមួយផ្ញើទៅកាន់ប្រធានសភាអ៊ីរ៉ង់ និងជាអ្នកចរចាកំពូលអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf, មេដឹកនាំក្រុមហេសបូឡារូបនេះ បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ ដើម្បីបង្ខំអ៊ីស្រាអែលឲ្យបញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាន់ និងជាអចិន្ត្រៃយ៍លើគ្រប់ជម្លោះទាំងអស់ រួមទាំងនៅលីបង់ ។
បើតាមសាររបស់ក្រុមហេសបូឡា, លោក Qassem និយាយថា អ៊ីរ៉ង់បានផ្លាស់ប្តូរពន្លឺនៃក្តីសង្ឃឹមដ៏មានប្រសិទ្ធភាពតែមួយគត់ ក្នុងការបញ្ចប់ការឈ្លានពានរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកលើប្រទេសលីបង់ទៅជាការពិត ដែលបានបង្ហាញដល់ពិភពលោកថា អ៊ីរ៉ង់គឺជាជើងឯកនៃសច្ចភាព និងការតស៊ូ ។
លោកថា យើងតែងតែនិយាយថា អ៊ីរ៉ង់បានផ្តល់អ្វីៗគ្រប់យ៉ាងដល់ក្រុមហេសបូឡា ក្រុមតស៊ូ និងប្រជាជនលីបង់ ហើយមិនបានប៉ុនប៉ងយកអ្វីមកវិញទេ ។ អ៊ីរ៉ង់បានគាំទ្រយើង ក្នុងជម្រើសរបស់យើង និងជួយពង្រឹងយើងឱ្យរំដោះទឹកដីរបស់យើងមកវិញ ។
បើតាម Straits Times, ក្រុមហេសបូឡាបានទាញដៃលីបង់ចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា នៅថ្ងៃទី២ ខែមីនា ជាមួយនឹងការបាញ់ស្រោចមីស៊ីលចូលទឹកដីអ៊ីស្រាអែល ដើម្បីសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ក្រោមថ្វីដៃរួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។
អ៊ីស្រាអែលបានឆ្លើយតបវិញ ជាមួយនឹងយុទ្ធនាការវាយប្រហារតាមអាកាសដ៏ធំ និងការឈ្លានពានតាមដីគោក ដែលអាជ្ញាធរលីបង់និយាយថា បានសម្លាប់មនុស្សច្រើនជាង ៣,៨០០នាក់ហើយ ។
យ៉ាងណា អ៊ីស្រាអែលប្រកាសច្រានចោល ដោយនិយាយថា ខ្លួនមិនដែលកំណត់គោលដៅវាយប្រហារលើអ្នកមិនមែនជាយុទ្ធជនទេ និងបានចោទថា ក្រុមសកម្មប្រយុទ្ធ ដូចជាក្រុមហាម៉ាសប៉ាឡេស្ទីន និងក្រុមហេសបូឡា តែងតែប្រើប្រាស់ជនស៊ីវិលជាខែលការពារខ្លួន ៕
ប្រភព ៖ Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

