តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានប្រកាសថា នឹងមិនមានគោលការណ៍ប្រមូលពន្ធឆ្លងកាត់ ពីកប៉ាល់ដឹកទំនិញនៅច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ឡើយ ប៉ុន្តែទីក្រុងតេហេរ៉ង់ នឹងបង្កើតការគិតថ្លៃសេវាកម្មចាំបាច់នានាវិញ ដូចជាសេវាកម្មនាំផ្លូវនាវាចរណ៍ ការពារបរិស្ថាន និងការធានារ៉ាប់រងកប៉ាល់ជាដើម ។
ការប្រកាសរបស់អ៊ីរ៉ង់នេះ ផ្ទុយស្រឡះពីការអះអាងរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដែលនិយាយថា ផ្លូវទឹកដឹកជញ្ជូនប្រេងដ៏សំខាន់ ឆ្លងកាត់ច្រកសមុទ្រ ហ័រមូស នឹងមិនគិតថ្លៃសេវាជាអចិន្ត្រៃយ៍ ហើយបើកចរាចរណ៍ទាំងស្រុងឡើងវិញ ក្នុងសប្តាហ៍នេះ ។
ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ២០ ភាគរយរបស់ពិភពលោក ត្រូវបានទីក្រុងតេហេរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួតដៃគ្នាវាយប្រហារមកលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ។
បើតាម NDTV, អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានបញ្ជាក់ថា ទីក្រុងតេហេរ៉ង់អាចនឹងដាក់ចេញនូវថ្លៃសេវា សម្រាប់កប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ។ ហើយថ្លៃសេវាទាំងនោះ ត្រូវបានភ្ជាប់ទៅនឹងសន្តិសុខ ការការពារបរិស្ថាន និងសេវាកម្មសមុទ្រផ្សេងៗទៀត ។
លោក Baghaei បានប្រាប់អ្នកយកព័ត៌មានថា ច្រកសមុទ្រ Hormuz គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ៊ីរ៉ង់ ហើយអ៊ីរ៉ង់បានអនុម័តនីតិវិធីមួយចំនួន ដែលស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារសន្តិសុខជាតិរបស់អ៊ីរ៉ង់ ។
អ្នកនាំពាក្យរូបនេះ ក៏បានអះអាងផងដែរថា អ៊ីរ៉ង់មិនមានបំណងប្រមូលពន្ធលើការដឹកជញ្ជូនទេ ប៉ុន្តែថ្លៃសេវានឹងត្រូវបានគិត ជាថ្នូរនឹងសេវាកម្មដែលត្រូវបានផ្តល់ជូន ។
យ៉ាងណា លោក Baghaei មិនបានបញ្ជាក់លំអិតអំពីសេវាកម្មអ្វីដែលអ៊ីរ៉ង់នឹងផ្តល់ឲ្យនោះទេ គ្រាន់តែបង្ហើបថា ទីក្រុងតេហេរ៉ង់ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីពិភាក្សាអំពីសំណើនេះជាមួយភាគីពាក់ព័ន្ធផ្សេងទៀត ។
យោងតាមការលើកឡើងរបស់អ្នកជំនាញ, ស្ថិតក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ហៅកាត់ថា UNCLOS ដែលគ្រប់គ្រងច្បាប់សមុទ្រអន្តរជាតិ, អ៊ីរ៉ង់អាចគិតថ្លៃសេវាកម្មបាន ប៉ុន្តែការយកពន្ធកប៉ាល់ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលបើកចរាចរណ៍សេរីភាពជាយូរមកហើយនោះ នឹងមិនត្រូវបានចាត់ទុកថា ស្របច្បាប់ទេ ៕
ប្រភព ៖ NDTV ប្រែសម្រួល ៖ ឈឹម ទីណា