ប៉ារីស ៖ មេដឹកនាំក្រុមប្រទេស G7 បានសន្យានៅឯកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង ថា នឹងជួយពង្រឹងការការពារដែនអាកាសអ៊ុយក្រែន និងបង្កើនសម្ពាធលើសេដ្ឋកិច្ចសង្គ្រាមរបស់រុស្ស៊ី រួមទាំងការរឹតបន្តឹងទណ្ឌកម្មលើវិស័យប្រេង និងឧស្ម័ន ។

ប៉ារីស ៖ មេដឹកនាំក្រុមប្រទេស G7 បានសន្យានៅឯកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង ថា នឹងជួយពង្រឹងការការពារដែនអាកាសអ៊ុយក្រែន និងបង្កើនសម្ពាធលើសេដ្ឋកិច្ចសង្គ្រាមរបស់រុស្ស៊ី រួមទាំងការរឹតបន្តឹងទណ្ឌកម្មលើវិស័យប្រេង និងឧស្ម័ន ។
យោងតាមសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃ ពុធ, មេដឹកនាំ G7 បានរួបរួមគ្នាបន្តគាំទ្រយ៉ាងរឹងមាំដល់អ៊ុយក្រែន ដើម្បីការពារសេរីភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ។
ដើម្បីគាំទ្រ និងពន្លឿនសន្ទុះថ្មីនេះ មេដឹកនាំ G7 យល់ព្រមបង្កើនការពង្រឹងសមត្ថភាពការពារដែនអាកាស ផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសបន្ថែម និងឧបករណ៍ស្ទាក់ចាប់មីស៊ីល រួមទាំងសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយ ។
ប្លុក G7 ដែលរួមមានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស សហរដ្ឋអាមេរិក និងអឺរ៉ុប ក៏បានប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុញ្ញាតឱ្យអ៊ុយក្រែន អាចបង្កើនផលិតកម្មយោធា និងផលិតអាវុធការពារខ្លួននៅលើទឹកដីរបស់ពួកគេផ្ទាល់ ។
បើតាម Aljazeera, ឧស្សាហកម្មសព្វាវុធអ៊ុយក្រែន កំពុងតែមានសន្ទុះរីកចម្រើនសមត្ថភាពយ៉ាងខ្លាំង និងទទួលបានចំណាប់អារម្មណ៍ពីបណ្តាប្រទេសអឺរ៉ុប ។
ក្រៅពីមានជំនាញកាន់តែស្ទាត់ ក្នុងការផលិតយន្តហោះដ្រូន, អ៊ុយក្រែនបច្ចុប្បន្នក៏អាចផលិតមីស៊ីលចម្ងាយឆ្ងាយមួយចំនួនដែរ ដូចជា មីស៊ីល Flamingo និង Neptune ជាដើម ។
គួរបញ្ជាក់ថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានផ្ទុះឡើងទ្រង់ទ្រាយធំ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅពេលដែលកងទ័ពរុស្ស៊ីបានបើកការវាយប្រហារ និងឈ្លានពានចូលទៅក្នុងទឹកដីអ៊ុយក្រែន ។
គិតត្រឹមឆ្នាំ ២០២៦ ជម្លោះដ៏ធំរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២មួយនេះ បានអូសបន្លាយអស់រយៈពេលជាង ៤ ឆ្នាំហើយ ដោយវាបានបង្កឱ្យមានការប្រែប្រួលយ៉ាងខ្លាំងដល់ប្រព័ន្ធសន្តិសុខ និងសេដ្ឋកិច្ចពិភពលោក ៕
ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

