ប៉េកាំង ៖ ប្រទេសចិនប្រកាសផ្តល់ជំនួយមនុស្សធម៌ដល់ អ៊ីរ៉ង់ និងលីបង់ ដែលរងគ្រោះពីការវាយប្រហាររបស់អ៊ីស្រាអែល ខណៈដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឈានដល់ការបញ្ចប់សង្រ្គាមរវាងប្រទេសទាំងពីរ តាមរយៈការចុះកិច្ចព្រមព្រៀងជាផ្លូវការចុងក្រោយ ក្នុងសប្តាហ៍នេះ ។

ប៉េកាំង ៖ ប្រទេសចិនប្រកាសផ្តល់ជំនួយមនុស្សធម៌ដល់ អ៊ីរ៉ង់ និងលីបង់ ដែលរងគ្រោះពីការវាយប្រហាររបស់អ៊ីស្រាអែល ខណៈដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឈានដល់ការបញ្ចប់សង្រ្គាមរវាងប្រទេសទាំងពីរ តាមរយៈការចុះកិច្ចព្រមព្រៀងជាផ្លូវការចុងក្រោយ ក្នុងសប្តាហ៍នេះ ។
បើតាម Anadolu, នេះជាលើកទីពីរហើយ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ដែលប្រទេសចិនបានផ្តល់ជំនួយដល់អ៊ីរ៉ង់ ខណៈពីមុន ចិនបានបញ្ជូនជំនួយមនុស្សធម៌ទៅអ៊ីរ៉ង់កាលពីខែមីនា ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំង ថា ប្រទេសចិនមានអារម្មណ៍សោកសៅយ៉ាងជ្រាលជ្រៅ ចំពោះគ្រោះមហន្តរាយមនុស្សធម៌ ដែលបណ្តាលមកពីសង្គ្រាមអ៊ីរ៉ង់ និងការរីករាលដាលជម្លោះក្នុងតំបន់មជ្ឈិមបូព៌ា ។
លោក Lin បានបញ្ជាក់ថា គិតពីស្ថានភាពពិតប្រាកដនៅតាមប្រទេសពាក់ព័ន្ធ, ចិនបានសម្រេចចិត្តផ្តល់ជំនួយមនុស្សធម៌ដល់អ៊ីរ៉ង់ និងលីបង់ ដើម្បីជួយឲ្យប្រជាពលរដ្ឋនៅទីនោះងើបឡើងវិញ និងកសាងជីវិតឡើងវិញ ព្រមទាំងធ្វើឲ្យល្អប្រសើរឡើងសេដ្ឋកិច្ច និងការរស់នៅរបស់ពួកគេ ។
លោក Lin បានសង្កត់ធ្ងន់ថា ក្នុងនាមជាមិត្តល្អរបស់បណ្តាប្រទេសនៅមជ្ឈិមបូព៌ា ប្រទេសចិននឹងបន្តផ្តល់ការគាំទ្រ និងខិតខំប្រឹងប្រែងបន្ថែមទៀត សម្រាប់ការចរចាសន្តិភាព និងបន្តដើរតួនាទីវិជ្ជមាន ក្នុងការស្តារសន្តិភាព និងភាពស្ងប់ស្ងាត់នៅមជ្ឈិមបូព៌ាឡើងវិញដូចកាលពីដំបូង ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក-អ៊ីរ៉ង់ ដែលគ្រោងចុះហត្ថលេខាផ្លូវការនៅស្វីស ក្នុងថ្ងៃ សុក្រ នេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមកិច្ចចរចាឆ្ពោះទៅរកការដោះស្រាយផ្តាច់ព្រ័ត្រ ដើម្បីបញ្ចប់សង្រ្គាមដែលបានសម្លាប់មនុស្សជាង ៧,០០០នាក់ ដែលភាគច្រើននៃពួកគេបានបាត់បង់ជីវិតនៅក្នុងប្រទេសអ៊ីរ៉ង់ និងលីបង់ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា


