សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់ទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី កាលពីរសៀលថ្ងៃពុធ ទី១៧ មិថុនា ២០២៦ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់ទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី កាលពីរសៀលថ្ងៃពុធ ទី១៧ មិថុនា ២០២៦ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ។
បន្ទាប់បានអញ្ជើញដល់ប្រទេសរុស្ស៊ី សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានចូលរួមក្នុងពិធីជប់លៀង រៀបចំដោយលោកប្រធានាធិបតី Vladimir Putin។ ក្រៅពីកិច្ចប្រជុំកំពូល សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងចូលរួមព្រឹត្តិការណ៍អមផ្សេងៗ ព្រមទាំងមានជំនួបទ្វេភាគីមួយចំនួន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពហុភាគី ក៏ដូចជា លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យដែលផ្តល់ផលប្រយោជន៍រួម និងមានអត្ថប្រយោជន៍ទៅវិញទៅមក ។
ការប្រារព្ធខួបលើកទី៣៥ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-រុស្ស៊ីនេះ គឺជាកាលានុវត្តភាពដ៏សំខាន់ ក្នុងការកំណត់ទិសដៅជំរុញបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រ អាស៊ាន-រុស្ស៊ី។ ថ្នាក់ដឹកនាំក៏នឹងផ្លាស់ប្តូរទស្សនៈគ្នា លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ដើម្បី ចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុង និងក្រៅតំបន់។
កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី នៅឆ្នាំនេះ នឹងផ្តល់ឱកាសសម្រាប់អាស៊ាន និងរុស្ស៊ី ពិនិត្យឡើងវិញនូវវឌ្ឍនភាពដែលសម្រេចបានក្នុងរយៈពេល ៣៥ឆ្នាំកន្លងមក ខណៈការពិភាក្សាត្រូវបានគេរំពឹងថា នឹងផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងពាណិជ្ជកម្ម និងវិនិយោគ ថាមពល សន្តិសុខស្បៀង សេដ្ឋកិច្ចឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌ ការអប់រំ ទេសចរណ៍ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ។
គិតត្រឹមឆ្នាំ២០២៤ អាស៊ាន និងរុស្ស៊ី មានទំហំ ពាណិជ្ជកម្មចំនួនជាង ១៧ពាន់លានដុល្លារ ដែលគ្របដណ្តប់លើផលិតផលថាមពល ទំនិញកសិកម្ម ជី គ្រឿងចក្រ លោហៈធាតុ និងទំនិញផលិតកម្ម។ រុស្ស៊ី កាន់តែមើលឃើញអាស៊ីអាគ្នេយ៍ ជាគោលដៅសំខាន់ សម្រាប់ការធ្វើពិពិធកម្មពាណិជ្ជកម្ម ខណៈដែលទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយអឺរ៉ុប បានធ្លាក់ចុះ បន្ទាប់ប្រទេសរុស្ស៊ី បានបើកការឈ្លានពានលើប្រទេសអ៊ុយក្រែន ដែលបានអូសបន្លាយរយៈពេល ៤ឆ្នាំមកដល់ពេលនេះ៕










