ប៉ារីស ៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានណែនាំឱ្យលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu បន្ថយដៃវាយលុក ឬគួរតែវាយប្រហារដោយប្រុងប្រយ័ត្នជាងមុនបន្តិច ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមហេសបូឡានៅប្រទេសលីបង់ ។

ប៉ារីស ៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានណែនាំឱ្យលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu បន្ថយដៃវាយលុក ឬគួរតែវាយប្រហារដោយប្រុងប្រយ័ត្នជាងមុនបន្តិច ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមហេសបូឡានៅប្រទេសលីបង់ ។
នេះគឺការស្តីបន្ទោសជាសាធារណៈចុងក្រោយ របស់លោកប្រធានាធិបតី Trump ទៅកាន់ដៃគូរបស់គាត់ គឺលោកនាយករដ្ឋមន្រ្តី Netanyahu ដែលបានប្រកៀកស្មារគ្នាប្រយុទ្ធនឹងអ៊ីរ៉ង់ក្នុងសង្គ្រាមមជ្ឈិមបូព៌ា ។
លោក Trump បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃ ពុធ នៅពេលបិទកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសបារាំងថា លោក Netanyahu គឺជាមនុសល្អម្នាក់ ប៉ុន្តែពេលខ្លះក៏បានធ្វើរឿងដ៏គួរឱ្យភ្ញាក់ផ្អើលផងដែរ ។
មេដឹកនាំអាមេរិករូបនេះ បាននិយាយបែបផ្លែផ្កាថា យើងមានជម្លោះបន្តិចបន្តួចប៉ុណ្ណោះជាមួយលីបង់ ។ ដូច្នេះ ខ្ញុំចង់ប្រាប់ថា អ្នកគួរតែបន្ថយដៃវាយប្រហារ ឬប្រុងប្រយ័ត្នជាងមុនបន្តិច ។
លោក Trump ដែលមានវ័យ៨០ឆ្នាំរូបនេះ បានបន្ថែមថា អ្នកមិនចាំបាច់វាយកម្ទេចអគាររាល់ពេលដែលនរណាម្នាក់ដើរចូលទៅក្នុងវា ដោយគ្រាន់តែគិតថា មកពីក្រុមហេសបូឡានោះទេ ។
យ៉ាងណា លោក Trump ក៏បានទទួលស្គាល់ផងដែរថា អ៊ីស្រាអែល គឺជា “ដៃគូដ៏ល្អមួយរបស់សហរដ្ឋអាមេរិក និងបានថ្លែងអំណរគុណដល់លោក Netanyahu ចំពោះតួនាទីរបស់គាត់ នៅក្នុងជម្លោះប្រឆាំងនឹងអ៊ីរ៉ង់ ដែលជាសត្រូវដ៏សំខាន់របស់អ៊ីស្រាអែល ។
បើតាម Straits Times, ទោះបីជាមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងជុំវិញជម្លោះនៅលីបង់ និងមានរបាយការណ៍អំពីកិច្ចសន្ទនាដ៏តានតឹងរវាងមេដឹកនាំទាំងពីរកាលពីពេលថ្មីៗនេះក្តី ក៏លោក Netanyahu នៅតែអះអាងថា រូបលោក និងលោក Trump គឺជា “មិត្តដ៏ល្អ” ។
លោក Netanyahu ថែមទាំងបានអះអាងទៀតថា រូបលោក និងលោក Trump នៅតែមានការយល់ស្របគ្នាលើគោលដៅយុទ្ធសាស្ត្រធំៗ សម្រាប់សន្តិសុខក្នុងតំបន់មជ្ឈិមបូព៌ា ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា



