តូក្យូ ៖ ក្រុមហ៊ុន SkyDrive ដែលជាក្រុមហ៊ុនធុរកិច្ចបង្កើតថ្មី មានឯកទេសខាងផលិតឡានហោះរបស់ប្រទេសជប៉ុន បានដាក់មហិច្ឆតាបើកដំណើរការឡានហោះពាណិជ្ជកម្មជាផ្លូវការនៅឆ្នាំ ២០២៨ ។

តូក្យូ ៖ ក្រុមហ៊ុន SkyDrive ដែលជាក្រុមហ៊ុនធុរកិច្ចបង្កើតថ្មី មានឯកទេសខាងផលិតឡានហោះរបស់ប្រទេសជប៉ុន បានដាក់មហិច្ឆតាបើកដំណើរការឡានហោះពាណិជ្ជកម្មជាផ្លូវការនៅឆ្នាំ ២០២៨ ។
មហិច្ឆតារបស់ SkyDrive ត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនមួយនេះ បានទទួលជោគជ័យទាំងស្រុង ក្នុងការហោះហើរសាកល្បងឡានហោះម៉ូដែល SD-05 នៅឈូងសមុទ្រតូក្យូ កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ ។
បើតាម Nikkei Asia, ឡានហោះនេះ កើតចេញពីកិច្ចសហការគ្នារវាងក្រុមហ៊ុន SkyDrive និងក្រុមហ៊ុន Suzuki Motor ដោយមួយគ្រឿងមានតម្លៃប្រហែល ១ លានដុល្លារកន្លះ ។
ក្រុមហ៊ុនយក្សទាំងពីររំពឹងថា សេវាកម្មឡាននេះ នឹងចាប់ផ្តើមដំណើរការដំបូង សម្រាប់ការហោះហើរទេសចរណ៍នៅទីក្រុង Tokyo, Osaka និង Oita របស់ប្រទេសជប៉ុន ។
ឡានហោះម៉ូដែល SD-05 អាចផ្ទុកមនុស្សបានចំនួន ៣នាក់ ក្នុងនោះអ្នកបើកបរម្នាក់ និងអ្នកដំណើរ ២នាក់ ។ ឡានហោះនេះ មានសមត្ថភាពសំកាំងខ្លួននៅលើផ្ទៃមេឃក្នុងរយៈកម្ពស់ពី ១៥ ទៅ ៤០ គីឡូម៉ែត្រ ។
ដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ធ្វើឱ្យឡានហោះប្រភេទ (eVTOL) មួយនេះ អាចបញ្ចេញសំលេងម៉ាស៊ីនស្ងាត់ជាងសំលេងម៉ាស៊ីនឧទ្ធម្ភាគចក្រធម្មតា ជាមួយនឹងកម្លាំងល្បឿនហោះហើរប្រហែល ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ។
បច្ចុប្បន្ន ក្រុមហ៊ុនកំពុងជំរុញការសុំអាជ្ញាបណ្ណ និងវិញ្ញាបនបត្រសុវត្ថិភាពពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលជប៉ុន ហៅកាត់ (JCAB) និងសហរដ្ឋអាមេរិក ហៅកាត់ (FAA) ដើម្បីធានាការបើកដំណើរការប្រកបដោយសុវត្ថិភាព ។
បន្ទាប់ពីទទួលបានវិញ្ញាបនបត្ររចនា ADO ពីក្រសួងដឹកជញ្ជូនជប៉ុន ឡានហោះម៉ូដែល SD-05 ទទួលបានការកម្ម៉ង់ទិញមុនពីបណ្តាប្រទេសនានារហូតដល់ទៅ ៤០០ គ្រឿងទៅហើយ ៕
ប្រភព ៖ Nikkei Asia ប្រែសម្រួល ៖ ឈឹម ទីណា
