ប៉េកាំង ៖ ប្រទេសចិនបានបោះសម្តីសម្លុតគំរាមកោះតៃវ៉ាន់ធ្ងន់ៗថា ការស្វែងរកឯករាជ្យដោយពឹងផ្អែកលើជំនួយយោធារបស់សហរដ្ឋអាមេរិក នឹងនាំកោះនេះទៅរក “ផ្លូវទាល់ច្រក” នៅថ្ងៃណាមួយ ។

ប៉េកាំង ៖ ប្រទេសចិនបានបោះសម្តីសម្លុតគំរាមកោះតៃវ៉ាន់ធ្ងន់ៗថា ការស្វែងរកឯករាជ្យដោយពឹងផ្អែកលើជំនួយយោធារបស់សហរដ្ឋអាមេរិក នឹងនាំកោះនេះទៅរក “ផ្លូវទាល់ច្រក” នៅថ្ងៃណាមួយ ។
ការព្រមានរបស់មហាយក្សចិន ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te បានដាក់ក្តីសង្ឃឹមខ្ពស់ថា សហរដ្ឋអាមេរិកនឹងអនុម័តការលក់អាវុធមានតម្លៃ ១៤ ពាន់លានដុល្លារ ទៅឱ្យកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ ក្នុងពេលឆាប់ៗខាងមុខ ។
ឆ្លើយតបការសង្ឃឹមបែបនេះរបស់លោកប្រធានាធិបតីតៃវ៉ាន់ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់អ្នកសារព័ត៌មានថា វោហាសាស្ត្ររបស់មេដឹកនាំតៃវ៉ាន់រូបនេះ គឺគ្រាន់តែជាការបង្ហាញពីអារម្មណ៍មានក្តីព្រួយបារម្ភ និងភាពមិនប្រាកដប្រជាយ៉ាងជ្រាលជ្រៅរបស់គាត់តែប៉ុណ្ណោះ ។
យ៉ាងណា កញ្ចប់លក់អាវុធមានតម្លៃ ១៤ ពាន់លានដុល្លាររបស់សហរដ្ឋអាមេរិកទៅឲ្យកោះតៃវ៉ាន់ នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានវិលត្រឡប់មកពីរដ្ឋធានីប៉េកាំងវិញ ក្នុងខែឧសភា ។
បើតាម AFP, កញ្ចប់អាវុធដែលតៃវ៉ាន់ស្នើទិញពីសហរដ្ឋអាមេរិក រួមមានប្រព័ន្ធបាញ់រ៉ុក្តែត HIMARS ចំនួន ៨២ គ្រឿង មីស៊ីលរយៈចម្ងាយឆ្ងាយប្រភេទ ATACMS ចំនួន ៤២០គ្រាប់ ។ យន្តហោះគ្មានមនុស្សបើកអត្តឃាតបំពាក់គ្រឿងផ្ទុះ កាំភ្លើងធំ Howitzer និងមីស៊ីលប្រឆាំងរថក្រោះ Javelin ។
គួរបញ្ជាក់ថា តៃវ៉ាន់ត្រូវការការទិញអាវុធបន្ថែមពីសហរដ្ឋអាមេរិក ដើម្បីពង្រឹងសមត្ថភាពការពារខ្លួន នៅចំពោះមុខការគំរាមកំហែងកាន់តែខ្លាំងឡើងពីប្រទេសចិន ដោយសារតែកន្លងមក លោក Trump ក៏ធ្លាប់បានព្រមានកោះនេះ កុំឱ្យប្រកាសឯករាជ្យដោយអាងលើអាមេរិក ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
