បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងត្បូង ប្រាប់លោក ត្រាំ ថា ទណ្ឌកម្មលើកូរ៉េខាងជើង គ្មានប្រសិទ្ធភាព ព្រោះមាន រុស្ស៊ី ចាំជួយ

កូរ៉េខាងត្បូង ប្រាប់លោក ត្រាំ ថា ទណ្ឌកម្មលើកូរ៉េខាងជើង គ្មានប្រសិទ្ធភាព ព្រោះមាន រុស្ស៊ី ចាំជួយ

សេអ៊ូល៖ លោក Lee Jae Myung មេដឹកនាំកូរ៉េខាងត្បូង អះអាង នៅថ្ងៃសុក្រនេះថា លោកបាននិយាយប្រាប់ទៅកាន់ ប្រធានាធិបតីអាមេរិក លោក Donald Trump ដោយផ្ទាល់ថា ការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ជុំវិញកម្មវិធីនុយក្លេអ៊ែរ លែងមានប្រសិទ្ធភាព ព្រោះតែទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង តាមរយៈជំនួយរបស់រុស្ស៊ី។

Advertisement

លោក Lee បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងសេអ៊ូលថា លោកបានលើកពីចំណុចនេះ អំឡុងពេលជួប លោក Trump នៅក្រៅកិច្ចប្រជុំកំពូលរបស់ប្រទេសអ្នកមានទាំង៧ ឬ G7 នៅបារាំង កាលពីថ្ងៃព្រហស្បតិ៍។

លោក Lee រៀបរាប់ថា «ខ្ញុំបានប្រាប់គាត់ អំពីការដាក់ទណ្ឌកម្ម និងសម្ពាធ ប្រឆាំងនឹងកូរ៉េខាងជើង គឺគ្មានប្រសិទ្ធភាពទេ ហើយ ឥទ្ធិពលនៃការដាក់ទណ្ឌកម្ម បានធ្លាក់ចុះ ដោយសារកិច្ចសហប្រតិបត្តិការយោធា រវាងកូរ៉េខាងជើង និងរុស្ស៊ី ដែលកើតចេញពីសង្គ្រាម នៅអ៊ុយក្រែន។

លោក Lee Jae Myung បានគូសបញ្ជាក់ប្រាប់ លោក Trump បន្តទៀតថា «សូម្បីតែការជួយតិចតួចពីរុស្ស៊ី ក៏ជាជំនួយដ៏អស្ចារ្យ សម្រាប់កូរ៉េខាងជើងដែរ»។

បើតាម CNA, កូរ៉េទាំងពីរ នៅតែស្ថិតក្នុងសង្គ្រាម បើគិតតាមបច្ចេកទេស ដោយសារតែជម្លោះ ឆ្នាំ ១៩៥០-១៩៥៣ របស់ប្រទេសទាំងពីរ បានបញ្ចប់វិញ ដោយសារបទឈប់បាញ់ តែ មិនមែនជាសន្ធិសញ្ញាសន្តិភាព ហើយ ត្រូវបានបំបែកចេញពីគ្នា ដោយតំបន់គ្មានយោធា ដែលឆ្លងកាត់ព្រំដែន។

ការលើកឡើងដ៏កម្រ ជុំវិញទណ្ឌកម្ម មិនបានផលនេះ ធ្វើឡើង បន្ទាប់ពី លោក Lee Jae Myung ទើបតែអះអាងពីការស្នើដល់ លោក ដូណាល់ ត្រាំ ប្រើប្រាស់គំរូអនុស្សរណៈនៃការយោគយល់បញ្ចប់សង្គ្រាមអ៊ីរ៉ង់ យកមកចរចា ជាមួយកូរ៉េខាងជើង ។

កាលពីអាណត្តិទី១, លោក Trump និង មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ធ្លាប់ជួបមុខគ្នាដោយផ្ទាល់ ចរចាចំនួនបីដង ផ្តោតលើការរុះរើកម្មវិធីនុយក្លេអ៊ែរ និងការបន្ធូរបន្ថយទណ្ឌកម្ម ពីលោកខាងលិច ដែលដឹកនាំអាមេរិក ។ ការណ៍នេះ នាំឲ្យមានការវិភាគថា សហរដ្ឋអាមេរិក ក៏ចង់ឲ្យកូរ៉េខាងជើងបោះបង់កម្មវិធីនុយក្លេអ៊ែរដូចដែលទីក្រុងវ៉ាស៊ីនចែងក្នុង MOU ជាមួយទីក្រុងតេហេរ៉ង់ផងដែរ ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា