កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅថ្ងៃ ព្រហស្បតិ៍ បានស្រែកព្រមានខ្លាំងៗថា រដ្ឋធានីមូស្គូ ដែលជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិរបស់រុស្ស៊ី នឹងត្រូវលេបត្របាក់ដោយភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ ប្រសិនបើរុស្ស៊ីនៅតែបន្តគឃ្លើនវាយប្រហារលើអ៊ុយក្រែន ។
ការគំរាមរបស់លោក Zelensky កើតឡើងបន្ទាប់ពីអ៊ុយក្រែនបានបាញ់យន្តហោះគ្មានមនុស្សបើកឈុតធំ សងសឹកចំពោះការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់រុស្ស៊ី ដែលបានសម្លាប់មនុស្សចំនួន ១០នាក់ និងបំផ្លាញទីអារាម Kyiv Pechersk Lavra អាយុកាល ១.០០០ឆ្នាំ កាលពីថ្ងៃទី១៥ ខែមិថុនា ។
បើតាម Straits Times, នៅក្នុងសារសំលេងដែលបានផ្ញើទៅកាន់អ្នកសារព័ត៌មានតាមក្រុម WhatsApp, លោកប្រធានាធិបតី Zelensky បាននិយាយយ៉ាងដូច្នេះថា យើងមិនចង់បានសង្គ្រាមនេះទេ… យើងមិនដែលចង់បានឡើយ ។
លោក Zelensky ថា មនុស្សគ្រប់គ្នាដឹងរឿងនេះ ហើយដៃគូរបស់យើងក៏ដឹងរឿងនេះដែរ ប៉ុន្តែប្រសិនបើអ៊ុយក្រែនឆេះ… នោះទីក្រុងមូស្គូរបស់អ្នក ក៏នឹងឆេះយ៉ាងសន្ធោសន្ធៅដូចគ្នាដែរ ។
ក្រៅពីគំរាមដុតកម្លោចរដ្ឋធានីរបស់រុស្ស៊ី មេដឹកនាំអ៊ុយក្រែនមានវ័យ៤៨ឆ្នាំរូបនេះ ថែមទាំងបានអំពាវនាវដល់សម្ព័ន្ធមិត្តអឺរ៉ុប និងសហរដ្ឋអាមេរិក ឲ្យបង្កើនសម្ពាធប្រឆាំងនឹងរុស្ស៊ី ។
ក្នុងនោះរួមមានទាំងការដាក់ទណ្ឌកម្មលើវិស័យការពារជាតិ ថាមពល និងសេដ្ឋកិច្ចដ៏ទូលំទូលាយ ដើម្បីបង្ខំឲ្យកងកម្លាំងរុស្ស៊ីរបស់លោកប្រធានាធិបតី Vladimir Putin ឆាប់បិទបញ្ចប់សង្គ្រាម ។
គួរបញ្ជាក់ថា ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានចាប់ផ្តើមឆាបឆេះឡើង តាមរយៈការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលគិតមកដល់ឆ្នាំ ២០២៦នេះ គឺមានរយៈពេលជាង ៤ ឆ្នាំហើយ ។
អំពើហិង្សាប្រដាប់អាវុធដ៏រុំារ៉ៃនេះ ត្រូវបានគេចាត់ទុកថា ជាជម្លោះយោធាដ៏ធំបំផុតនៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរមក ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា