ប៉េកាំង ៖ ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍បានជំរុញឱ្យអង្គការណាតូ ឆ្លុះបញ្ចាំងឲ្យបានច្បាស់ អំពីតួនាទីរបស់ខ្លួន ក្នុងការរក្សាសន្តិភាព និងស្ថិរភាពរបស់ពិភពលោក ។

ប៉េកាំង ៖ ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍បានជំរុញឱ្យអង្គការណាតូ ឆ្លុះបញ្ចាំងឲ្យបានច្បាស់ អំពីតួនាទីរបស់ខ្លួន ក្នុងការរក្សាសន្តិភាព និងស្ថិរភាពរបស់ពិភពលោក ។
ការជំរុញរបស់ចិន កើតឡើង បន្ទាប់ពីអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte និយាយថា អង្គការណាតូមួយនេះ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការគាំទ្ររបស់ទីក្រុងប៉េកាំង ចំពោះរុស្ស៉ី ក្នុងសង្រ្គាមអ៊ុយក្រែន ។
បើតាម China Daily, ក្រសួងការបរទេសចិន បានជំរុញឱ្យបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ កែតម្រូវការយល់ខុសរបស់ខ្លួន ចំពោះប្រទេសចិន ។
ក្រសួងថែមទាំងអំពាវនាវដល់ណាតូបញ្ឈប់ការញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នា និងការបៀតបៀនប្រទេសចិនផងដែរ ជាពិសេសគួរតែឆ្លុះបញ្ចាំងឲ្យបានច្បាស់ថាតើខ្លួនដើរតួនាទីអ្វីខ្លះ ក្នុងការរក្សាសុខសន្តិភាព និងស្ថិរភាពរបស់ពិភពលោកទាំងមូល ។
យោងតាម Anadolu, អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានបន្ថែមទៀតថា ប្រទេសចិនបានប្រកាន់ខ្ជាប់នូវគោលជំហរអព្យាក្រឹត និងយុត្តិធម៌ ។
លោកថា ចិនតែងតែខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីបញ្ចប់អរិភាព និងលើកកម្ពស់ការចរចាសន្តិភាព ទាក់ទងនឹងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ។
លោក Lin អះអាងជាថ្មីថា ប្រទេសចិនមិនបានផ្តល់អាវុធប្រល័យជីវិតមនុស្សដល់ភាគីណាមួយនៃជម្លោះនោះទេ ហើយថែមទាំងបានអនុវត្តការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើគ្រឿងសម្ភារៈដែលអាចប្រើប្រាស់បានពីរយ៉ាង គឺស៊ីវិល និងយោធា ៕
ប្រភព ៖ China Daily និង Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

