កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានដាក់ឱសានវាទរយៈពេលមួយសប្តាហ៍ទៅកាន់ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ ដើម្បីដក ឬបិទឧបករណ៍បញ្ជូនសញ្ញានៅតាមតំបន់ព្រំដែន ដែលកងទ័ពរុស្ស៊ីកំពុងប្រើប្រាស់ សម្រាប់តម្រង់ទិសដៅវាយប្រហារលើប្រជាជនស៊ីវិលអ៊ុយក្រែន ។
លោក ហ្សេលេនស្គី បាននិយាយក្នុងសន្និសិទសារព័ត៌មាននៅទីក្រុងកៀវ កាលពីថ្ងៃ សុក្រ ថា នៅតាមបណ្តោយខេត្តចំនួនពីររបស់បេឡារុស ដែលជាប់ព្រំដែនអ៊ុយក្រែន មានដំឡើងប្រព័ន្ធស្ថានីយបញ្ជូនសញ្ញានៅលើអង់តែនខ្ពស់ៗ ដែលរុស្ស៊ីប្រើសម្រាប់បញ្ជា និងតម្រង់ទិសដៅយន្តហោះដ្រូន ឬមីស៊ីលមកលើជនស៊ីវិល និងកុមារអ៊ុយក្រែនជារៀងរាល់ថ្ងៃ ។
មេដឹកនាំអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថា ប្រសិនបើលោក លូកាសិនកូ មិនចង់ចូលរួមដោយផ្ទាល់ក្នុងសង្គ្រាមនេះទេ គឺត្រូវតែប្រញាប់ដក ឬបិទឧបករណ៍ទាំងនោះចោលក្នុងរយៈពេលមួយសប្តាហ៍ ។
ប៉ុន្តែប្រសិនបើគាត់មិនធ្វើទេ នោះយើងនឹងធ្វើវាដោយខ្លួនឯង ។ លោក ហ្សេលេនស្គី ចង់សំដៅលើការវាយប្រហារកម្ទេចឧបករណ៍ទាំងនោះពីសំណាក់កងទ័ពអ៊ុយក្រែន ។
បើតាម Kyiv independent, ក្រៅពីឧបករណ៍យោធា លោក ហ្សេលេនស្គី ថែមទាំងបានរិះគន់វិស័យប្រេងរបស់បេឡារុសផងដែរ ដោយលោកបានចោទប្រកាន់ចំៗថា ប្រទេសនេះគឺជាអ្នកផ្គត់ផ្គង់ប្រេងឥន្ធនៈដ៏សំខាន់មួយ ដើម្បីបម្រើដល់កងទ័ពរុស្ស៊ីអាចបន្តធ្វើសង្គ្រាមនៅអ៊ុយក្រែន ៕
ប្រភព ៖ Kyiv independent ប្រែសម្រួល ៖ ឈឹម ទីណា