ហ្គាហ្សា ៖ មូលនិធិកុមារនៃអង្គការសហប្រជាជាតិ ហៅកាត់ UNICEF បានទម្លាយឱ្យដឹងកាលពីថ្ងៃ សុក្រ ថា ជាមធ្យម កុមារប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់ស្ទើរតែជារៀងរាល់ថ្ងៃនៅតំបន់ហ្គាហ្សា ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ ត្រូវបានប្រកាសកាលពីខែតុលា ឆ្នាំ២០២៥ ។
ចាប់តាំងពីការប្រកាសបទឈប់បាញ់ក្នុងខែតុលា ឆ្នាំ២០២៥ គិតមកទល់ពេលនេះ មានកុមារសរុបចំនួន ២៦៥ នាក់ហើយត្រូវបានសម្លាប់ និងច្រើនជាង ៤០០ នាក់ផ្សេងទៀតរងរបួស ។
អង្គការ UNICEF បានហៅបទឈប់បាញ់នេះថា ជា “ការបំភ័ន្តដ៏សាហាវ និងប្រល័យជីវិតមនុស្ស” ពីព្រោះការវាយប្រហាររបស់អ៊ីស្រាអែលនៅតែបន្តកើតមាន និងបានបណ្តាលឱ្យកុមារបាត់បង់ជីវិតជាបន្តបន្ទាប់ ។
ជាមួយគ្នានេះ អ្នកនាំពាក្យរបស់អង្គការ UNICEF លោក James Elder បានអះអាងថា កុមារទាំងនោះ មិនមែនស្លាប់នៅក្នុងសមរភូមិប្រយុទ្ធនោះទេ ប៉ុន្តែពួកគេត្រូវបានសម្លាប់នៅក្នុងផ្ទះខ្លួនឯង និងសាលារៀន ឬពេលកំពុងលេងបាល់ទាត់ និងកំពុងស្ទូចត្រីជាដើម ។
បើតាម Aljazeera, កុមារភាគច្រើនបានស្លាប់ ដោយសារការវាយប្រហារតាមអាកាស ការទម្លាក់គ្រាប់បែក ការបាញ់ប្រហារ និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់កងកម្លាំងអ៊ីស្រាអែល ។
កុមាររងរបួសរាប់រយនាក់កំពុងត្រូវការការជម្លៀសចេញទៅព្យាបាលជាបន្ទាន់ ខណៈការរឹតបន្តឹងលើការនាំចូលឱសថចាំបាច់ បានធ្វើឱ្យរបួសរបស់ពួកគេ ប្រឈមមុខនឹងការឆ្លងមេរោគ ហើយអាចឈានដល់ការកាត់ដៃកាត់ជើងផងដែរ ។
យោងតាមរបាយការណ៍ពីអាជ្ញាធរសុខាភិបាលនៅហ្គាហ្សា ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ បានឱ្យដឹងថា ចាប់តាំងពីជម្លោះបានផ្ទុះឡើងក្នុងខែតុលា ឆ្នាំ២០២៣មក មនុស្សសរុបជាង ៧៣,០១៨ នាក់បានបាត់បង់ជីវិត ដែលក្នុងនោះមានជនរងគ្រោះប្រមាណ ១,០០៧ នាក់បានស្លាប់ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន ៕
ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា



























