ប៉ារីស ៖ ប្រទេសបារាំងបានប្រកាសអភិវឌ្ឍមីស៊ីលនុយក្លេអ៊ែរជំនាន់ថ្មី ដែលមានល្បឿនលឿនជាងសំឡេង ដើម្បីបំពាក់ដល់យន្តហោះចម្បាំងជំនាន់ចុងក្រោយ Rafale F5 ។

ប៉ារីស ៖ ប្រទេសបារាំងបានប្រកាសអភិវឌ្ឍមីស៊ីលនុយក្លេអ៊ែរជំនាន់ថ្មី ដែលមានល្បឿនលឿនជាងសំឡេង ដើម្បីបំពាក់ដល់យន្តហោះចម្បាំងជំនាន់ចុងក្រោយ Rafale F5 ។
ទីភ្នាក់ងារផ្គត់ផ្គង់ការពារជាតិបារាំង ហៅកាត់ (DGA) បានផ្តល់កិច្ចសន្យាដល់ក្រុមហ៊ុនផលិតមីស៊ីល MBDA ដើម្បីអភិវឌ្ឍមីស៊ីលនាំផ្លូវនុយក្លេអ៊ែរជំនាន់ចុងក្រោយ មានឈ្មោះថា ASN4G ។
អាវុធថ្មីនេះ ត្រូវបានគេរំពឹងថា នឹងត្រូវដាក់ដំណើរការជាផ្លូវការ ក្នុងជួរកងទ័ពអាកាសបារាំងនៅឆ្នាំ ២០៣៥ ដើម្បីជំនួសមីស៊ីល ASMPA-R បច្ចុប្បន្ន ។
បើតាម Interesting engineering, មីស៊ីល ASN4G បំពាក់ដោយម៉ាស៊ីល Scramjet ដែលអាចឱ្យវាហោះហើរក្នុងល្បឿនលឿនជាងសំឡេងពី ៦ ទៅ ៨ដង ឬប្រហែល ៧,៤០០ ដល់ ៩,៨០០គីឡូម៉ែត្រក្នុងមួយម៉ោង ។
មីស៊ីលនេះមានសមត្ថភាពវាយប្រហារគោលដៅសត្រូវក្នុងចម្ងាយជាង ១,០០០ គីឡូម៉ែត្រ ពោលគឺឆ្ងាយជាងពីរដង បើធៀបនឹងមីស៊ីល ASMP-A ដែលបារាំងកំពុងប្រើប្រាស់បច្ចុប្បន្ន ។
ដោយសារតែល្បឿនលឿនខ្លាំង រួមផ្សំនឹងសមត្ថភាពអាចបត់បែនបានខ្ពស់នៅលើអាកាស វាត្រូវបានគេរចនាឡើងដើម្បីទម្លុះរាល់ប្រព័ន្ធការពារដែនអាកាសទំនើបៗ មានដូចជា S-400 ឬ S-500 របស់រុស្ស៊ី ដោយធ្វើឱ្យសត្រូវមានពេលត្រៀមខ្លួនត្រឹមតែ ២ នាទីប៉ុណ្ណោះ ។
យន្តហោះ Rafale F5 នឹងក្លាយជាយន្តហោះចម្បាំងជំនាន់ចុងក្រោយតែមួយគត់ ដែលផ្ទុកមីស៊ីលយុទ្ធសាស្ត្រ ASN4G នេះ ។ ហើយយន្តហោះ Rafale F5 ដំបូងគេ ត្រូវបានរំពឹងថា នឹងបង្ហាញរួបរាងនៅឆ្នាំ ២០៣០ ៕
ប្រភព ៖ Interesting engineering ប្រែសម្រួល ៖ ឈឹម ទីណា
