អ៊ីស្លាម៉ាបាដ ៖ ប្រភពពីរដ្ឋាភិបាលប៉ាគីស្ថាន បានបង្ហើបឱ្យដឹងកាលពីថ្ងៃ សៅរ៍ ថា ប្រទេសស្វីស នឹងធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សាកម្រិតបច្ចេកទេសរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃ ។

អ៊ីស្លាម៉ាបាដ ៖ ប្រភពពីរដ្ឋាភិបាលប៉ាគីស្ថាន បានបង្ហើបឱ្យដឹងកាលពីថ្ងៃ សៅរ៍ ថា ប្រទេសស្វីស នឹងធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សាកម្រិតបច្ចេកទេសរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃ ។
ប្រភពបានបញ្ជាក់ថា ប៉ាគីស្ថាន រួមទាំងអ្នកសម្របសម្រួមផ្សេងទៀត កំពុងរក្សាទំនាក់ទំនងជាមួយភាគីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលត្រូវបានគេរំពឹងថា នឹងជួបគ្នានៅប្រទេសស្វីស ក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃនាពេលខាងមុខ ដើម្បីចាប់ផ្តើមការចរចាដំណាក់កាលបន្ទាប់ នៃអនុស្សរណៈនៃការយោគយល់គ្នា ។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ និងប្រភពពីប៉ាគីស្ថាន, ដើម្បីជំរុញផែនការនេះ រដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថាន លោក Mohsin Naqvi បានធ្វើដំណើរទៅកាន់ទីក្រុងតេហេរ៉ង់ កាលពីថ្ងៃ សៅរ៍ ក្នុងគោលបំណងពិភាក្សាអំពីដំណាក់កាលបន្ទាប់ នៃ MOU ជាមួយមេដឹកនាំអ៊ីរ៉ង់ នេះ ។
គួរបញ្ជាក់ថា អ៊ីរ៉ង់បានសម្រេចពន្យារពេលកិច្ចពិភាក្សាកម្រិតបច្ចេកទេសជាមួយសហរដ្ឋអាមេរិកភ្លាមៗ ដើម្បីតវ៉ាប្រឆាំងនឹងការបន្តរំលោភបទឈប់បាញ់របស់អ៊ីស្រាអែលនៅប្រទេសលីបង់ ។
ប៉ុន្តែទោះបីជាយ៉ាងណា ភាគីជម្លោះទាំងពីរបានឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដំណាក់កាលដំបូង ដែលធ្វើឡើងដោយប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ដែលនេះជាការត្រួសត្រាយផ្លូវឆ្ពោះទៅរកការចរចាផ្ទាល់នៅស្វីស ។
អនុស្សរណៈនៃការយោគយល់គ្នា ដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទើបបានចុះហត្ថលេខានោះ បានកំណត់ទុករយៈពេល ៦០ថ្ងៃ ដើម្បីឱ្យភាគីជម្លោះទាំងពីរចាប់ផ្តើមការចរចាដំណាក់កាលបន្ទាប់ដោយផ្ទាល់ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
