អង់ការ៉ា ៖ ប្រទេសតួកគីបាននាំចេញនាវាចម្បាំងទៅកាន់ប្រទេសសមាជិកណាតូ និងសហភាពអឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន តាមរយៈកិច្ចព្រមព្រៀងលក់នាវាចម្បាំងទៅឱ្យប្រទេសរ៉ូម៉ានី ។

អង់ការ៉ា ៖ ប្រទេសតួកគីបាននាំចេញនាវាចម្បាំងទៅកាន់ប្រទេសសមាជិកណាតូ និងសហភាពអឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន តាមរយៈកិច្ចព្រមព្រៀងលក់នាវាចម្បាំងទៅឱ្យប្រទេសរ៉ូម៉ានី ។
ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានប្រកាសពីសមិទ្ធផលដ៏សំខាន់នេះ នៅថ្ងៃ អាទិត្យ ក្នុងពិធីប្រគល់នាវាចម្បាំងដែលមានឈ្មោះថា “CAm. Roman” ទៅឱ្យបញ្ជាការដ្ឋានកងទ័ពជើងទឹករ៉ូម៉ានី ។
នាវាចម្បាំងនេះ គឺជាប្រភេទនាវាល្បាតដែនសមុទ្រចម្ងាយឆ្ងាយ ស្ថិតក្នុងប្រភេទ Hisar-class ដែលរ៉ូម៉ានីនឹងយកទៅប្រើប្រាស់ ក្នុងនាមជានាវាចម្បាំងធុនស្រាល ។
នាវាចម្បាំងនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធគ្រប់គ្រងការប្រយុទ្ធ ប្រព័ន្ធរ៉ាដាស្វែងរក និងបញ្ជាការបាញ់ ព្រមទាំងប្រព័ន្ធសូណា និងអាវុធការពារខ្លួនរយៈចម្ងាយជិត ដែលត្រូវបានអភិវឌ្ឍឡើងដោយផ្ទាល់ពីសំណាក់ក្រុមហ៊ុនឧស្សាហកម្មការពារជាតិតួកគី ។
បើតាម Anadolu, ពិធីប្រគល់ និងទទួលនាវាចម្បាំងនេះ រៀបចំឡើងក្នុងទីក្រុងអ៊ីស្តង់ប៊ុល របស់ប្រទេសតួកគី ដោយមានការចូលរួមពីលោកប្រធានាធិបតី Erdogan និងលោកប្រធានាធិបតីរ៉ូម៉ានី Nicusor Dan ។
នាឱកាសនោះ លោក Erdogan បានគូសបញ្ជាក់ថា តួកគីបានសាងសង់នាវា និងវេទិកាកងទ័ពជើងទឹកជាង ១៤០ គ្រឿង សម្រាប់ប្រទេសនានាជុំវិញពិភពលោក ហើយបច្ចុប្បន្នជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសមត្ថភាពសាងសង់នាវាចម្បាំងជាច្រើនក្នុងពេលតែមួយ ។
ជាមួយគ្នានេះ មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់សន្តិសុខរបស់ប្រទេសតួកគី-រ៉ូម៉ានី តំបន់សមុទ្រខ្មៅ និងសម្ព័ន្ធភាពណាតូ ក៏ដូចជាស្ថិរភាពក្នុងតំបន់ទាំងមូល ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

