ប៉េកាំង ៖ ប្រទេសម៉ាឡេស៊ី ថ្មីៗនេះបានបញ្ជាទិញប្រព័ន្ធកាំភ្លើងធំស្វ័យប្រវត្តិធុនធ្ងន់ CAESAR មានទំហំ ១៥៥ មីលីម៉ែត្រ រហូតដល់ ១៨ គ្រឿង ពីក្រុមហ៊ុនផលិតអាវុធបារាំង-អាល្លឺម៉ង់ KNDS Group ។
ការបញ្ជាទិញនេះ បានធ្វើឱ្យម៉ាឡេស៊ីក្លាយជាប្រទេសទី ១៥ នៅលើពិភពលោក ដែលបានជ្រើសរើសប្រើប្រាស់ប្រព័ន្ធកាំភ្លើងធំ CAESAR ដ៏ល្បីល្បាញមួយនេះ ។
ប្រព័ន្ធកាំភ្លើងធំនេះ មានទម្ងន់ប្រហែល ១៨ តោន អាចបាញ់គ្រាប់ទំហំ ១៥៥ មីលីម៉ែត្រ បានចម្ងាយអតិបរមាប្រហែល ៤០ គីឡូម៉ែត្រ ។
វាមានសមត្ថភាពខ្ពស់ដោយអាចបាញ់បាន ៦ គ្រាប់ក្នុងរយៈពេលមិនដល់ ១ នាទី និងអាចប្ដូរទីតាំងក្នុងពេលត្រឹមតែជាង ២ នាទីប៉ុណ្ណោះ ដើម្បីគេចពីការបាញ់តបតរបស់សត្រូវ ។
បើតាម Defense post, តាមរយៈការបញ្ជាទិញនេះ ក្រុមហ៊ុន KNDS នឹងផ្ដល់អាជ្ញាប័ណ្ណផ្ទេរបច្ចេកវិទ្យាទៅឱ្យក្រុមហ៊ុនដៃគូក្នុងស្រុករបស់ម៉ាឡេស៊ី គឺ Advanced Defence Systems (ADS Sdn Bhd) ដើម្បីធ្វើការដំឡើង រួមបញ្ចូលប្រព័ន្ធ និងការថែទាំឧបករណ៍ដោយផ្ទាល់នៅក្នុងប្រទេសម៉ាឡេស៊ី ។
ប្រព័ន្ធកាំភ្លើងធំស្វ័យប្រវត្តិធុនធ្ងន់ CAESAR ទាំង ១៨ គ្រឿងនេះ ត្រូវបានគេរំពឹងថា ម៉ាឡេស៊ីនឹងយកទៅបង្កើតជាកងវរសេនាធំកាំភ្លើងធំថ្មីមួយ ។
នេះជាលើកដំបូងហើយ ដែលកងទ័ពម៉ាឡេស៊ីបំពាក់កាំភ្លើងធំ ដែលមានកង់ចល័តកម្រិតធ្ងន់ និងមានសមត្ថភាពបាញ់ចម្ងាយឆ្ងាយ ។
យ៉ាងណា ក្រុមហ៊ុន KNDS នៅមិនទាន់បានបង្ហើបពីតម្លៃលក់ ឬកាលវិភាគដឹកជញ្ជូនជាផ្លូវការ សម្រាប់ប្រព័ន្ធកាំភ្លើងធំស្វ័យប្រវត្តិ CAESAR ទាំង ១៨ គ្រឿង ដែលបញ្ជាទិញដោយប្រទេសម៉ាឡេស៊ីនៅឡើយទេ ៕
ប្រភព ៖ Defense post ប្រែសម្រួល ៖ ឈឹម ទីណា