តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអះអាងជាថ្មីនៅថ្ងៃ អាទិត្យ ថា ទីក្រុងតេហេរ៉ង់មានឆន្ទៈផ្តល់ការធានាថា ប្រទេសខ្លួនមិនមានគោលបំណងស្វែងរកអាវុធនុយក្លេអ៊ែរទេ ប៉ុន្តែលោកបានអះអាងជាថ្មីថា អ៊ីរ៉ង់នឹងមិនបោះបង់ចោលសិទ្ធិរបស់ខ្លួន ក្នុងការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមនោះទេ ។
បើតាមគេហទំព័រប្រធានាធិបតីអ៊ីរ៉ង់, លោក Pezeshkian បានបញ្ជាក់ថា អ្វីដែលសហរដ្ឋអាមេរិកទាមទារ គឺថា អ៊ីរ៉ង់មិនត្រូវផលិតគ្រាប់បែកបរមាណូជាដាច់ខាត ។
លោកថា នេះមិនមែនជារឿងថ្មីទេ ហើយយើងក៏អាចបញ្ជាក់ជាលាយលក្ខណ៍អក្សរដែរថា យើងមិនមានបំណងផលិតគ្រាប់បែកនុយក្លេអ៊ែរនោះទេ ។
ទោះជាយ៉ាងណាក៏ដោយ យើងនឹងមិនបោះបង់ចោលសិទ្ធិរបស់យើង ក្នុងការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមនោះទេ ហើយភាគីម្ខាងទៀត ក៏នឹងគ្មានជម្រើសអ្វីក្រៅពីទទួលយកសិទ្ធិនេះទេ ។
គួរបញ្ជាក់ថា បញ្ហាអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ នៅតែជាដើមចង និងជាចំណុចក្ដៅបំផុត បើទោះបីជាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ទើបតែបានឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា កាលពីពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២៦ នេះក៏ដោយ ។
អនុស្សរណៈថ្មីនេះ បានត្រឹមតែជួយជម្រុញឱ្យមានបទឈប់បាញ់បណ្ដោះអាសន្ន និងបើកច្រកសមុទ្រ Hormuz ឡើងវិញប៉ុណ្ណោះ ប៉ុន្តែវាមិនទាន់បានដោះស្រាយបញ្ហាស្នូលនៃកម្មវិធីនុយក្លេអ៊ែរនោះទេ ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា