បេរូត ៖ ភ្លើងសង្គ្រាមដុតបញ្ឆេះដោយអ៊ីស្រាអែល និងក្រុមហេសបូឡា បានបំផ្លាញលុយរបស់ប្រទេសលីបង់ រហូតដល់ជិត ១,៤០០ លានដុល្លារ ដោយសារអគាររាប់ម៉ឹនខ្នងស្ថិតនៅភាគខាងត្បូងប្រទេសមជ្ឈិមបូព៌ាមួយនេះ ត្រូវរងការបំផ្លិចបំផ្លាញស្ទើរទាំងស្រុង ។

បេរូត ៖ ភ្លើងសង្គ្រាមដុតបញ្ឆេះដោយអ៊ីស្រាអែល និងក្រុមហេសបូឡា បានបំផ្លាញលុយរបស់ប្រទេសលីបង់ រហូតដល់ជិត ១,៤០០ លានដុល្លារ ដោយសារអគាររាប់ម៉ឹនខ្នងស្ថិតនៅភាគខាងត្បូងប្រទេសមជ្ឈិមបូព៌ាមួយនេះ ត្រូវរងការបំផ្លិចបំផ្លាញស្ទើរទាំងស្រុង ។
កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ហៅកាត់ UNDP និងក្រុមប្រឹក្សាជាតិសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ ហៅកាត់ CNRS បានទម្លាយឲ្យដឹងកាលពីថ្ងៃចន្ទថា សរុបជាទឹកប្រាក់ លីបង់ខាតអស់ ១,៣៨០ លានដុល្លារ ខណៈអគារជាង ១ ម៉ឺន ១ ពាន់ខ្នងត្រូវបំផ្លាញខ្ទេចខ្ទី ។
ក្រៅពីបំផ្លាញអគារ, សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ក៏បានបង្កផលប៉ះពាល់ដល់ផ្ទះសម្បែងរបស់ប្រជាជនលីបង់អស់ជិត ១ ម៉ឺន ៨ ពាន់ខ្នងផងដែរ ។
បើតាម CNA, ក្រុមហេសបូឡាបានអូសទាញប្រទេសលីបង់ ឲ្យធ្លាក់ចូលទៅក្នុងជម្លោះតំបន់មជ្ឈិមបូព៌ា កាលពីថ្ងៃទី២ ខែមីនាកន្លងទៅ តាមរយៈការបាញ់ស្រោចរ៉ុក្តែតជាច្រើនគ្រាប់លើអ៊ីស្រាអែល ដើម្បីគាំទ្រដល់អ៊ីរ៉ង់ ដែលជាខ្នងបង្អែកដ៏រឹងមាំរបស់ខ្លួន ។
យ៉ាងណា អ៊ីស្រាអែលបានសងសឹកវិញ ដោយការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងក្លា និងបានឈ្លានពានតាមដីគោក ។ ជម្លោះនេះកាន់តែពុះកញ្ជ្រោល ដោយភាគីទាំងពីរមិនបានគោរពបទឈប់បាញ់ថ្ងៃទី១៧ ខែមេសាទេ ប៉ុន្តែទោះបីជាយ៉ាងណា ការប្រយុទ្ធគ្នាបានផ្អាកកាលពីល្ងាចថ្ងៃ សៅរ៍ សប្តាហ៍មុន ។
ផ្អែកតាមប្រភពពីអាជ្ញាធរលីបង់, ការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី២ ខែមីនាកន្លងមក បានសម្លាប់ជីវិតមនុស្សច្រើនជាង ៤,១០០ នាក់ហើយ និងបង្ខំឱ្យជនរងគ្រោះលើសពី ១ លាននាក់ ភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាពជាបណ្តោះអាសន្ន ។
វិបត្តិជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡានេះទៀតសោត ត្រូវបានគេមើលឃើញថា បានក្លាយជាមូលហេតុចម្បងរំខានដល់កិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខាកាលពីសប្តាហ៍មុន រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមតំបន់មជ្ឈិមបូព៌ាជាអចិន្ត្រៃយ៍ ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

