ម៉ានីល ៖ សហរដ្ឋអាមេរិកបានប្រគល់យានក្រោមទឹកដើរដោយស្វ័យប្រវត្តិចំនួន ៤ គ្រឿង ទៅឱ្យយោធាហ្វីលីពីន ស្ថិតក្រោមកិច្ចព្រមព្រៀងមានតម្លៃ ១៣លានដុល្លារ នេះបើតាមការបញ្ជាក់របស់ស្ថានទូតអាមេរិកប្រចាំទីក្រុងម៉ានីល នៅថ្ងៃទី២៣ ខែមិថុនា ។

ម៉ានីល ៖ សហរដ្ឋអាមេរិកបានប្រគល់យានក្រោមទឹកដើរដោយស្វ័យប្រវត្តិចំនួន ៤ គ្រឿង ទៅឱ្យយោធាហ្វីលីពីន ស្ថិតក្រោមកិច្ចព្រមព្រៀងមានតម្លៃ ១៣លានដុល្លារ នេះបើតាមការបញ្ជាក់របស់ស្ថានទូតអាមេរិកប្រចាំទីក្រុងម៉ានីល នៅថ្ងៃទី២៣ ខែមិថុនា ។
ការប្រគល់នេះ ធ្វើឡើងចំពេលដែលសហរដ្ឋអាមេរិកកំពុងបង្កើនសមត្ថភាពសម្ព័ន្ធមិត្តចាស់វស្សារបស់ខ្លួនមួយនេះ ក្នុងការទប់ទល់នឹងសកម្មភាពរបស់មហាយក្សចិននៅសមុទ្រចិនខាងត្បូង ។
បើតាម Straits Times, យានក្រោមទឹកបើកដោយស្វ័យប្រវត្តិនេះ មានឈ្មោះថា Ocean Aero Triton ដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ ។
ពួកវាមានសមត្ថភាពបើកកាត់រលកតូចធំនៅលើផ្ទៃទឹក និងមុជចុះក្រោមបាតសមុទ្រ បានរហូតដល់ទៅ ៣០ថ្ងៃជាប់ៗគ្នា ដើម្បីប្រមូលទិន្នន័យសន្តិសុខ និងបញ្ជូនត្រឡប់មកបញ្ជាការដ្ឋានវិញ ។
សមត្ថភាពពិសេសរបស់យានក្រោមទឹក Triton នេះ គឺវាអាចរុករក និងប្រមូលទិន្នន័យបានទាំងនៅលើផ្ទៃទឹក និងជ្រមុជចុះទៅក្រោមបាតសមុទ្រជ្រៅៗ ប្រៀបដូចជាភ្នែកទិព្វដ៏សំខាន់របស់ហ្វីលីពីន ក្នុងការប្រជែងឥទ្ធិពលដែនទឹកជាមួយប្រទេសចិន ។
យោងតាម The Star, ស្ថានទូតអាមេរិកបានបញ្ជាក់ថា ការប្រគល់យានក្រោមទឹក Triton នេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់ខ្លួន ហើយក៏ជាការជួយបង្កើនសមត្ថភាពរបស់ហ្វីលីពីន ក្នុងការស្វែងរក និងឃ្លាំមើល ជាពិសេសឆ្លើយតបរាល់ការប្រឈមមុខនានានៅលើដែនសមុទ្រ ។
ស្ថានទូតអាមេរិកបានសង្កត់ធ្ងន់ថា ការប្រគល់យានក្រោមទឹកនេះទៀតសោត ក៏បង្ហាញពីរបៀបតម្រង់ទិសលើការវិនិយោគ ការហ្វឹកហ្វឺន និងការចែករំលែកស្ដង់ដាររួមគ្នា ដែលអាចបំប្លែងទៅជាសមត្ថភាពការពារជាតិដ៏រឹងមាំ និងគួរឱ្យទុកចិត្តបំផុត ក្នុងការទប់ស្កាត់ការឈ្លានពាន ព្រមទាំងរួមចំណែកគាំទ្រដល់ស្ថិរភាពនៅក្នុងតំបន់ទាំងមូល ៕
ប្រភព ៖ Strait Times និង The Star ប្រែសម្រួល ៖ ឈឹម ទីណា
